នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ ចូលទៅក្នុងទន្លេសាបវិញ។ ប្រភេទត្រីកំពុងរងគ្រោះ ដែលបានលែងនោះ មានរហូតដល់ចំនួន១១ក្បាល ក្នុងនោះ មានត្រីរាជចំនួន១ក្បាល មានទម្ងន់ ៤២គីឡូក្រាម ប្រវែង១៥០សង់ទីម៉ែត្រ និងត្រីប្រាចំនួន១០ក្បាលទៀតដែលមានទម្ងន់ចាប់ពី១០ ទៅ២៥គីឡូក្រាម និងប្រវែងចាប់ពី ១១០ ទៅ ១៥០សង់ទីម៉ែត្រ។
នេះជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ ដែលក្រុមការងារបានលែងត្រីក្នុងថ្ងៃពេញបូណ៌មី ចុងក្រោយបំផុត ក្នុងឆ្នាំ២០២៥នេះ សបញ្ជាក់ឱ្យឃើញអំពីការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ក្នុងការការពារ និងថែរក្សាធនធានជលផលទន្លេមេគង្គ ឱ្យមាននិរន្តរភាព។
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សូមថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ក៏ដូចជាម្ចាស់ដាយត្រីលេខ២សេ និង២ដេ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយសម្រួលដល់ក្រុមការងារស្រាវជ្រាវចុះទៅបំពាក់ស្លាកដើម្បីសិក្សា និងស្វែងយល់ពីការផ្លាស់ទី ជម្រកនៅរដូវប្រាំង និងលែងត្រីចូលទៅជម្រកធម្មជាតិវិញ៕