នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រោមការដឹកនាំរបស់លោកបណ្ឌិត ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវស្របតាមលក្ខខណ្ឌតម្រូវសម្រាប់ទីផ្សារនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប នៅសហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាណន់ មន្ត្រីកសិកម្មឃុំ និងសមាជិកសហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ ខេត្តបាត់ដំបង សរុបប្រមាណ ៥០រូប។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ចំណេះដឹងដល់សមាជិកសហគមន៍ស្តីពី៖
- កិច្ចសម្រួលពាណិជ្ជកម្ម ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យប្រកបដោយសុវត្ថិភាព
- ការគ្រប់គ្រងសមាសភាពចង្រៃចម្បងៗដូចជា ជំងឺប្លាស ជំងឺរលាកស្រទបស្លឹក ជំងឺអុចត្នោត មមាចត្នោត ដង្កូវមូរស្លឹក ដង្កូវស៊ីរូងដើម ទ្រីប ខ្យងមាស និងស្មៅចង្រៃ
- បច្ចេកទេសនៃប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព និងកម្រិតសំណល់ថ្នាំកសិកម្ម (MRL) ស្របតាមបទបញ្ញាត្តិថ្មីស្តីពីកម្រិតសំណល់អតិបតិមានៃថ្នាំកសិកម្មនៅក្នុងផលិតផលអង្ករដែលជាបទបញ្ញាត្តិ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់សហភាពអឺរ៉ុប។