នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការតម្រង់ទិសនៃសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) បានអញ្ជើញជាអធិបតីភាពក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រភេទពូជដំណាំគម្របដីដែលបានចុះបញ្ជីជាពូជជាតិ និងការត្រួតពិនិត្យគុណភាពពូជដំណាំតាមប្រព័ន្ធធានាគុណភាព (QDS)» នៅសណ្ឋាគារ Novotel ភ្នំពេញ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានកសិកម្ម (នាយកដ្ឋានពូជដំណាំ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនាយកដ្ឋានវិស្វកម្មកសិកម្ម) អង្គការ Swisscontact Cambodia មជ្ឈមណ្ឌល CIRAD ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ស្ថាប័នស្រាវជ្រាវ និងសហភាពសហគមន៍កសិកម្ម ខេត្តបាត់ដំបង និងខេត្តព្រះវិហារ។
ព្រឹត្តិការណ៍សម្រាប់វិស័យកសិកម្មនេះមានគោលដៅចំនួន៤៖ ១)ទទួលស្គាល់ជាផ្លូវការនូវពូជដំណាំគម្របដីចំនួន១៥ ប្រភេទ ក្នុងបញ្ជីពូជជាតិ ២)ដាក់ឱ្យអនុវត្តប្រព័ន្ធ QDS លើ ៦ប្រភេទអាទិភាព ដើម្បីធានាគុណភាពគ្រាប់ពូជជូនកសិករ ៣)ជំរុញការអនុវត្តកសិកម្មកកើតឡើងវិញ (Regenerative Agriculture) ដើម្បីសុខភាពដី និងភាពធន់នឹងអាកាសធាតុ និង៤)បង្កើនកិច្ចសហការរវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ (CIRAD, Swisscontact) និងសហគមន៍កសិករ។
សូមបញ្ជាក់ថា ការអនុវត្តប្រព័ន្ធធានាគុណភាពពូជ (QDS) និងការចុះបញ្ជីពូជជាតិ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់ជីវភាពកសិករ និងធានាបាននូវនិរន្តរភាពបរិស្ថានកម្ពុជា៕