នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញដឹកនាំលេខាធិការដ្ឋាន រៀបចំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ ដែលសិក្ខា សាលាតម្រង់ទិសការអនុវត្តកម្មវិធីនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ ២៣-២៥ ខែមេសា ឆ្នាំ ២០២៤ នៅទីរួមខេត្តកំពង់ចាម។
គោលបំណងនៃសិក្ខាសាលាផ្តោតជាពិសេសលើការគ្រប់គ្រងហិរញ្ញវត្ថុ នីតិវិធីលទ្ធកម្ម ទិដ្ឋភាពយេនឌ័រ ព្រមទាំងកិច្ចការពារ ថែរក្សាបរិស្ថានសង្គម និងអាកាសធាតុ ឲ្យស្របទៅនឹងនីតិវិធីពាក់ព័ន្ធរបស់ជាតិ និងលក្ខខណ្ឌតម្រូវរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ជាពិសេសគឺដើម្បីអនុវត្តកម្មវិធីនយោបាយថ្មីរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំដៅផ្តល់ផលប្រយោជន៍ឱ្យបានច្រើនបំផុតជូនប្រជាកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម ។
សូមបញ្ជាក់ថា សិក្ខាសាលាតម្រង់ទិសនេះគឺជាកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្ម ផលិតកម្ម កសិកម្ម (ASPIRE-AT) មានអ្នកចូលរួមសរុប ១២៥នាក់ ដែលជាក្រុមការងារគ្រប់គ្រង និងអនុវត្តកម្មវិធី នៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរួមមានខេត្តគោលដៅចំនួន២១៕