ឆ្លងចូលថ្ងៃទី៤ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញមកកាន់ខេត្តមណ្ឌលគីរី ចាប់តាំងពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកក្កដា។ សម្រាប់កម្មវីធីនាព្រឹកថ្ងៃព្រហស្បត្តិ៍ ១០កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះមកផ្តល់កំលាំងចិត្ត និងផ្តល់គោលការណ៍ណែនាំសំខាន់ៗមួយចំនួនឲ្យដល់ក្រុមការងារអន្តរ ក្រសួង (ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន) ដែលកំពុងឈរជើងក្នុងបរិវេណសាលាបឋមសិក្សាស្រែព្រះ ក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា សម្រាប់យកទៅអនុវត្តធ្វើការវាស់វែងដីធ្លីឲ្យបានត្រឹមត្រូវច្បាស់លាស់ សមស្របតាមនីតិវិធីច្បាប់ និងនីតិវិធីរដ្ឋបាល ដើម្បីធ្វើការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច និងការរៀបចំផែនការប្រើប្រាស់ដីធ្លីនៅក្នុងខេត្តមណ្ឌលគិរី ឲ្យកាន់តែសុក្រឹត្យ មានប្រសិទ្ធភាព ដើម្បីបញ្ឈប់នូវរាល់សកម្មភាពដូច ជាការកាប់ឆ្ការ ដុត ឈួសឆាយ ទន្ទ្រាន រំលោភ និងធ្វើប្លង់កាន់កាប់កម្មសិទ្ធិខុសច្បាប់។