កម្មវិធីទី៣៖
នៅរសៀលថ្ងៃដដែល ចេញពីឃុំគោកស្រុក ស្រុកតំបែរ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តមកឃុំទន្លូង ស្រុកមេមត់ ដោយនាំយកធាតុចូលកសិកម្មមួយចំនួនមកចែកជូនសមាជិកបណ្តុំកសិកម្មស្ថិតនៅក្រោមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE ចំនួន ៨៤គ្រួសារ ដែលពិធីនេះបានរៀបចំក្នុងបរិវេណសាលាបឋមសិក្សា ប៊ុន រ៉ានីហ៊ុន សែន ចង្គុំទី១ ភូមិចង្គុំទី១ ឃុំទន្លូង ស្រុកមេមុត។ លោកប្រធានមន្ទីរបានឲ្យដឹងថា ខេត្តបានអនុវត្តអនុកម្មវិធីស្តីពី ការផ្សព្វផ្សាយបច្ចេកទេសកសិ កម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៅមេសា ឆ្នាំ២០១៩។ អនុកម្មវិធីទាំងនោះមានដូចជាដំណាំស្រូវ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី ការដាំបន្លែ ដំឡូងមី និងការផ្សារភ្ជាប់ផលិតផលកសិ កម្មទៅកាន់ទីផ្សារនៅក្នុង ៧ស្រុក/ក្រុង មាន ៣០ឃុំ ១៥៦ភូមិ និងមាន ៤៩បណ្តុំ មានសមា ជិក ២ ០៨១គ្រួសារ ក្នុងនោះរួមមានបណ្តុំអាជីវកម្មស្រូវចំណី ៦ មានផ្ទៃដី ៦៨៣ ហ.ត បណ្តុំអាជីវកម្មស្រូវពូជ ២ មានផ្ទៃដី ៥២ ហ.ត បណ្តុំអាជីវកម្មចិញ្ចឹមមាន់ ១៥ បណ្តុំអាជីវកម្មបន្លែ ១០ មានផ្ទៃដី ៧៨ ហ.ត បណ្តុំអាជីវកម្មចិញ្ចឹមត្រី១៤ មានស្រះ២៩៣ និងបែ ១៩០ និងបណ្តុំអាជីវកម្មដំឡូងមី២បណ្តុំ មានផ្ទៃដី ២០៧ ហ.ត។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលតាមរយ: ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ដែលបានគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធីខាងលើ ដែលកម្មវិធីនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកផលិតកម្មស្បៀង ស្របពេលដែលវិស័យមួយចំនួនកំពុងជួបបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។ ជំនួយសម្រាប់អភិវឌ្ឍវិស័យកសិកម្មដោយផ្តោតជាសំខាន់លើការលើកកំពស់កម្រិត ជីវភាពតាមរយៈការបង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាត ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសមត្ថភាព ការចងក្រងបណ្តុំអាជីវកម្ម និងសហគមន៍កសិកម្ម ដោយឈរលើសុឆន្ទៈនៃគំនិតផ្តួចផ្តើម និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។ បច្ចុប្បន្ន កម្មវិធីនេះគឺមានឥទ្ធិពលជាវិជ្ជមានក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កសិករក្រីក្រ ទំហំផលិតកម្មតូចដែលងាយទទួលរងគ្រោះ ដោយផ្តោតជាសំខាន់ទៅលើការលើកកំពស់ប្រសិទ្ធភាពសេវាកម្មកសិកម្ម ឆ្លើយតបនឹងតម្រូវការរបស់កសិករខ្នាតតូច និងជួយកសិករឲ្យចេះធ្វើអាជីវកម្មកសិកម្មពីបែបចិញ្ចឹមជីវិត ទៅជាកសិកម្មតាមបែបពាណិជ្ជកម្ម និងក្លាយជាសហគ្រិនភាពនៅជនបទ។ យោងលើសមិទ្ធផលដ៏ធំធេងដែលកម្មវិធីសម្រេចបាន ពិតណាស់បានចូលរួមអនុវត្តន៍ យ៉ាងពេញលេញនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី១៤ ខែកក្កដា នៅខេត្តព្រៃវែង គឺជំរុញឲ្យប្រជាពលរដ្ឋ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំពង្រីកចលនាបង្កបង្កើនផល ចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំណាំរួមផ្សំឲ្យកាន់តែសកម្មទ្វេឡើងដើម្បីបង្កើតការងារ រក្សានិរន្តរភាពប្រាក់ចំណូល និងធានាបានសន្តិសុខស្បៀង ក្នុងបរិបទដែលពិភពលោកបាននិងកំពុងតែប្រឈមវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារជំងឺឆ្លងកូវីដ-១៩។ ករណីនេះ លោកបានណែនាំឲ្យអង្គភាពអនុវត្តន៍ និងអ្នកទទួលផលពីគម្រោងត្រូវធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឲ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន ដើម្បីក្រសោបយកឱកាសមាស ចាប់យកកាលានុវត្តភាព បង្កើនការផលិត ធានាដល់ការផ្គត់ផ្គង់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ អាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ត្រូវចូលរួមសហការឱ្យបានពេញលេញជាមួយមន្ទីរ ដើម្បីបង្កលក្ខណងាយស្រួល និងឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាងក្នុងទិសដៅចំបងគឺបង្កើនការផលិតក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ក្នុងខណ: ដែលយើងកាត់បន្ចយការនាំចូលកសិផលពីខាងក្រៅ។
សម្រាប់រសៀលថ្ងៃនេះ ធាតុចូលកសិកម្មសម្រាប់យកមកចែកជូនសមាជិកបណ្តុំក្នុងឃុំទន្លូង ៨៤គ្រួសារ មានទុយោសាច ៨៤ដុំ សំណាញ់ទ្រើង ២៦០ដុំ កៅស៊ូគ្របរង ៨៤ដុំ ថាសបណ្តុះកូន ៣៦០បន្ទះ គ្រាប់ពូជត្រសក់ ៨៤កញ្ចប់ សណ្តែកកួរ ១៦៨កញ្ចប់ ខាតណាដើម ៨៤កញ្ចប់ ស្ពៃចង្កឹះ ៨៤កញ្ចប់ ស្ពៃក្រញាញ់ ៨៤កញ្ចប់ ដែលត្រូវដាំដុះលើផ្ទៃដី ១០ហត។