នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណេីរជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិន ក្រុមសហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) បានចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
ក្នុងដំណេីរចុះទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរជាខ្លាំងចំពោះផលត្រីក្នុងឆ្នាំនេះ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចទិញត្រីធ្វើប្រហុកបានកាន់តែច្រើន ក្នុងតម្លៃធូរថ្លៃ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកំពុងបន្តតាមដានទិន្នផលត្រីក្នុងឆ្នាំនេះ ដែលការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ១០% ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី សមិទ្ធផលនេះមិនមែនកេីតឡេីងដោយចៃដន្យទេ គឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងការដាក់ចេញនូវយុទ្ធសាស្រ្តការពារអភិរក្សធនធានជលផលបានត្រឹមត្រូវ ព្រមទាំងមានការចូលរួមអនុវត្តពីមន្រ្តីជំនាញជលផល កងកម្លាំងចម្រុះ សហគមន៍នេសាទ និងបងប្អូនប្រជានេសាទផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ដែលបានរួមចំណែកក្នុងការការពារធនធានជលផលក្នុងធម្មជាតិ សំដៅលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ ផ្តល់នូវអាហារូបត្ថម្ភដែលមានជីវជាតិគ្រប់គ្រាន់។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី អំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវចូលរួមបន្តគោរពច្បាប់ជលផល ប្រេីប្រាស់ឧបករណ៍ស្របច្បាប់ និងនេសាទតាមច្បាប់កំណត់ ដេីម្បីធានានិរន្តរភាពធនធានជលផលក្នុងធម្មជាតិ៕