នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញបច្ចេកទេសពីអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្តព្រៃវែង ចុះពិនិត្យវាយតម្លៃ និងប្រើដ្រូនបាញ់ថ្នាំកសិកម្មកម្ចាត់ «រុយស» ដែលបំផ្លាញដំណាំស្រូវប្រជាកសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ក្នុងខេត្តព្រៃវែង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុក មេឃុំ មេភូមិ មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យនោះ ឯកឧត្តម ទឹម បូរក្ស ក៏បានផ្តាំផ្ញើដល់មន្ទីរកសិកម្មខេត្ត មន្ត្រីកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការយកចិត្តទុកដាក់វាយតម្លៃពីផលប៉ះពាល់ និងណែនាំបច្ចេកទេសក្នុងការគ្រប់គ្រង «រុយស» ដើម្បីជួយសង្គ្រោះស្រូវជូនប្រជាកសិករឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ឯកឧត្តមក៏បានណែនាំឱ្យប្រជាពលរដ្ឋ ធ្វើការតាមដានពពួកសត្វរុយសឱ្យបានជាប់ជាប្រចាំ ប្រសិនបើប្រជាកសិករមានជួបបញ្ហាប្រឈម ត្រូវទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្មខេត្ត ដើម្បីជួយអន្តរគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។
វដ្ដជីវិតរបស់ «រុយស» មានរយៈពេល១៧-២៤ថ្ងៃ ដែល «រុយស» ១ក្បាលអាចពងបានចន្លោះពី ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។ «រុយស» នោះ បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ ជាពិសេសនៅពេលព្រឹក ដែលធ្វើឱ្យស្លឹកស្រូវប្រែពណ៌លឿង និងរួញ ហើយបំផ្លាញខ្លាំងលើស្រូវនៅក្នុងវគ្គលូតលាស់ ជាពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព៕