នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រួមជាមួយឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីកសិកម្មឃុំ ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត និងមន្ត្រីរាជការ ព្រមទាំងមន្ត្រីកសិកម្មឃុំ មកពីខេត្តកែប និងខេត្តកំពត សរុប៨៧នាក់។
ឯកឧត្តមគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីកសិកម្មឃុំ លើការត្រៀមបង្ការ តាមដាន ប្រមូលទិន្នន័យ និងរាយការណ៍ពីគ្រោះមហន្តរាយនៅក្នុងឃុំគោលដៅ ជាពិសេស គឺផ្ដោតលើការកសាងសមត្ថភាពលើការគាំទ្រដល់កសិករក្នុងការត្រៀមបង្ការ និងបន្ធូរបន្ថយគ្រោះមហន្តរាយលើវិស័យកសិកម្ម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្រ្តីកសិកម្មឃុំឱ្យយកចិត្តទុកដាក់ តាមដានជាប្រចាំនូវសភាពការណ៍នានាពាក់ព័ន្ធនឹងគ្រោះមហន្តរាយ ទឹកជំនន់ រាំងស្ងួត ជំងឺសត្វ សត្វល្អិតបំផ្លាញដំណាំ និងតម្លៃកសិផល ជាពិសេសរាយការណ៍ឱ្យបានទាន់ពេលវេលា សំដៅពង្រឹងអន្តរាគមន៍នានាដែលចាំបាច់ឱ្យកាន់តែមានប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់លើតួនាទីរបស់មន្រ្តីកសិកម្មឃុំ ក្នុងការរាយការណ៍បញ្ហាប្រឈមនានាក្នុងមូលដ្ឋាន និងការចងក្រងទិន្នន័យកសិកម្មឱ្យបានជាក់លាក់។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយក្នុងវិស័យកសិកម្មនេះ ទទួលបានការសហការឧបត្ថម្ភពីអង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ (FAO) ហើយគ្រោងនឹងរៀបចំឡើង សម្រាប់មន្រ្តីកសិកម្មទូទាំងប្រទេសចំនួន ១២២៨ រូប ក្នុង២៤ខេត្ត៕