នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ដដែល ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បាន បន្តដំណើរទៅពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកជា លក្ខណគ្រួសាររបស់លោកមាស អិននៅភូមិអូរស្ពាន ឃុំអូរ ស្ពាន សង្កាត់ស្ពានមានជ័យ។ បច្ចប្បន្នគាត់ចិញ្ចឹមជ្រូកសាច់ និងពូជប្រមាណ ១០០ ក្បាល និងមានរបរលក់ ចំណីសត្វនិងថ្នាំការពារជំងឺផងដែរ។ លោកបាន ប្រកាន់យករបរនេះជាង២០ឆ្នាំមកហើយឃើញថាមានការរីកចម្រើនធ្វើឲ្យជីវភាពមានការផ្លាស់ប្តូរយ៉ាងគាប់ប្រសើរ។ ឯកឧត្តមរដ្ឋមន្ដ្រីសូមសម្តែងនូវការគាំទ្រនិងលើកទឹកចិត្តឲ្យបន្តប្រកាន់យករបរ នេះព្រោះវាបានជួយកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ សូមឲ្យចងក្រងជាសហគមន៍ផលិត ចុះបញ្ជីនៅមន្ទីរដើម្បីប្រមូលផ្តុំកំលាំងផលិតឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។ ក្រៅពីការងារចិញ្ចឹមសត្វគួរដាំដំណាំរួមផ្សំនិងប្រើអស់លទ្ធភាពលាមកជ្រូកដែលជាវត្ថុធាតុដើមដ៏មានសារប្រយោជន៍និងគុណតម្លៃខ្ពស់ក្នុងការផលិតជីកុំប៉ុស្តិ កាត់បន្ថយការប្រើជីគីមី ដើម្បីសុខភាពអ្នកបរិភោគ។ លោកសូមឲ្យមន្ទីរ ការិយាល័យជំនាញចុះជួយការងារបច្ចេកទេសបន្ថែមទៀតធ្វើយ៉ាងណាឲ្យគាត់មានលទ្ធភាពបង្កើនប្រាក់ចំណូល និងធានាការផលិតរបស់គាត់មាននិរន្តរភាពយូអង្វែង។