នៅរសៀលថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ លោក ជា ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល បានអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូរបស់ក្រសួង បានអញ្ជើញចុះមកពិនិត្យការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅស្រុកកំពង់សៀម និងស្រុកចំការលើ ខេត្តកំពង់ចាម។ មុនដំបូង, លោកប្រធានអមដំណើរឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ បានអញ្ជើញចុះមកពិនិត្យការងារបង្កបង្កើនផលដំណាំប៊ិះគក់របស់ប្រជាកសិករ នៅភូមិថ្មី ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បន្ទាប់មកទៀតបានបន្តដំណើរទៅមើលការបង្កបង្កើនផលដំណាំអំពៅនៅភូមិត្រពាំងឬស្សី ឃុំជ័យយោ ស្រុកចំការលើ ខេត្តកំពង់ចាម របស់កសិករ ពាន បូរ៉ា។ និងចុងក្រោយគណៈប្រតិភូអញ្ជើញចុះទៅពិនិត្យមើលលទ្ធផលនៃការដាំដុះបន្លែស្ពៃក្តោបរបស់កសិករ ម៉ៅ សុខុន នៅភូមិទី៣ ឃុំល្វាលើ ស្រុកចំការលើ។ នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី មានអារម្មណ៍សប្បាយរីករាយជាខ្លាំងពេលដឹងថា កសិករនៅក្នុងស្រុកទាំងពីរខាងលើទទួលកម្រិតចំណូលបានខ្ពស់ ហើយអាចនិយាយបានថាអាចឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ព្រមទាំងអាចសម្រេចបាននឹងប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នាឆ្នាំ២០៥០។