នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី លើកទី២៥ (25th AMAF Plus Three) នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
អង្គប្រជុំបានផ្តោតការពិភាក្សាជាសំខាន់ លើវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង)។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបង្ហាញអំពីការគាំទ្រទៅលើយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការអាស៊ានបូកបីថ្មី (២០២៦-២០៣៥) ដែលស្របទៅនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ផែនការវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន(២០២៦-២០៣០) និងគំនិតផ្តួចផ្តើមនិរន្តរភាពសំខាន់ៗ។
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកទឹកចិត្តឱ្យមានកិច្ចសន្ទនាក្នុងតំបន់បន្ថែមទៀតក្នុងន័យកៀរគរធនធាន ជាពិសេសមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន(ACCF) មូលនិធិសមាហរណកម្មអាស៊ានជប៉ុន(JAIF) និងមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (AKCF) ដើម្បីផ្តល់ផលប្រយោជន៍ដល់តំបន់អាស៊ានបូកបី កាន់តែទូលំទូលាយ៕