នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី លោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) និងលោកស្រី ផាក យ៉ុងណាន តំណាងកម្មវិធីស្បៀងអាហារពិភពលោក(WEF) និងប្រជាពលរដ្ឋប្រមាណ ៣០០នាក់ នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ស្ថិតក្រោមមូលបទ “យើងពួតដៃគ្នា ដើម្បីមានអាហារ និងអនាគត កាន់តែប្រសើរ” ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងក្តីសោមនស្សរីករាយ និងបានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងគោលដៅជំរុញវឌ្ឍនភាពវិស័យមួយនេះទៅអនាគត។ លើសពីនេះ ចាប់តាំងពីការរៀបចំលើកដំបូងកាលពីឆ្នាំ១៩៨១ ទិវាស្បៀងអាហារពិភពលោកនេះបានក្រើនរំឭកយើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការអភិវឌ្ឍជនបទស្របពេលនៃការចូលរួមអបអរទិវាដ៏មានអត្ថន័យនេះជាមួយពិភពលោក កម្ពុជាសូមបង្ហាញនូវការប្ដេជ្ញាចិត្តតាមរយៈការធ្វើសកម្មភាពរួមគ្នា សំដៅឆ្ពោះទៅរកពិភពលោកមួយ ដែលគ្មានភាពអត់ឃ្លាន។
នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ក្នុងការបង្កើនការសហការជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ពិនិត្យពីផលប៉ះពាល់ និងការខូចខាតគ្រប់អនុវិស័យ ជំរុញការចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ សំដៅជួយសង្គ្រោះ និងស្តារបានទាន់ពេលវេលា ជាពិសេសទប់ស្កាត់បទល្មេីសខុសច្បាប់គ្រប់ប្រភេទ និងជំរុញការធ្វើកសិកម្មតាមកិច្ចសន្យាសម្រាប់ពាណិជ្ជកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវបង្កើនផលិតភាពកសិកម្ម សំដៅធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងចូលរួមគាំទ្រនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ក៏ដូចជាការកសាងសហគមន៍កសិកម្មទំនើប ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្បូរបែប។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កម្មវិធីស្បៀងអាហារពិភពលោក(WFP) អង្គការ(FAO) ព្រមទាំងដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាពលរដ្ឋ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការរៀបចំ និងប្រារព្ធទិវាដ៏មានអត្ថន័យនេះ និងរក្សាឱ្យមានសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភល្អជារៀងរហូត៕