នាព្រឹកថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីជំនាញនៃនាយកដ្ឋាន ចូលរួមសន្និសិត ស្តីពី ការផ្សព្វផ្សាយការស្រាវជ្រាវនិងចែករំលែកបទពិសោធន៍ សម្រាប់ការអនុវត្តល្អលើ ផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងប្រទេសកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន ថៃ និងវៀតណាម។ កិច្ចប្រជុំនេះមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន ស្ថាប័ន្ធរដ្ឋ (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម) អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុន។ គោលបំណងនៃការសិក្សានេះគឺដើម្បីស្វែងយល់អំពីស្ថានភាពនិងឧបសគ្គនៃការធ្វើកសិកម្មតាមកិច្ចសន្យាក្នុងប្រទេសមេគង្គដែលជាកត្តាសំខាន់ៗសម្រាប់ភាពជោគជ័យ បញ្ហាប្រឈម កង្វះការគាំទ្រផ្សេងៗធៀបនឹងប្រទេសនៅក្នុងតំបន់ និងអត្ថប្រយោជន៍និងការចងក្រងឯកសារការអនុវត្តល្អៗ។
តាមការស្រាវជ្រាវ បង្ហាញថាការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម គឺជាយន្តការដ៏មានសារៈសំខាន់មួយ ដើម្បីជួយសម្រួលដល់ភាពជាដៃគូរវាងកសិករ និងក្រុមហ៊ុន ក្នុងខ្សែសង្វាក់តម្លៃកសិកម្ម ដើម្បីឈានដល់ការផ្គត់ផ្គង់ផលិតផលកសិកម្មប្រកបដោយគុណភាព បរិមាណ និងតម្លៃ។