ថ្ងៃទី៥ និង៦ ខែកុម្ភ: ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានចុះអនុវត្តសកម្មភាពស្តីពី ប្រព័ន្ធពិពិធកម្មកសិកម្ម នៅភូមិប្រពុត ឃុំឈ្មួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយរៀបចំដាំដំណាំត្រប់ចំនួន ៤ ០០០ កូន នៅលើផ្ទៃដីចំនួន ០,១៩ ហ.ត ជាមួយនឹងការបំពាក់ប្រព័ន្ធស្រោចស្រពដោយដំណក់ទឹក និងការប្រើប្រាស់គម្របប្លាស្ទិកលើរងផងដែរ។
គូសបញ្ជាក់ផងដែរថា ការអនុវត្តប្រព័ន្ធពិពិធកម្មកសិកម្មនៅទីតាំងខាងលើ ត្រូវបានរៀបចំឡើងដោយមានការអនុវត្តកសិកម្មចម្រុះនៅលើផ្ទៃដីសរុបប្រមាណ ១ ហ.ត ក្នុងនោះរួមមាន ផលិតកម្មដំណាំស្រូវលើផ្ទៃដី ០,៤១ ហ.ត ដំណាំរួមផ្សំ និងបន្លែ ០,១៩ ហ.ត ដំណាំឈើហូបផ្លែ ០,១៦ ហ.ត និងវារីវប្បកម្ម ០,២០ ហ.ត ហើយផលិតកម្មនិមួយៗត្រូវបានរៀបចំបែងចែកជាប្លង់ ដើម្បីធានាបាននូវការបំពេញឱ្យគ្នាទៅវិញទៅមក ជាមួយការដាក់បញ្ចូលនូវបច្ចេកទេសកសិកម្មថ្មីធន់នឹងបំរែបំរួលអាកាសធាតុជាដើម ។ល។
ជាការពិតណាស់ ការអនុវត្តប្រព័ន្ធពិពិធកម្មកសិកម្មបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា (១) ពង្រឹងភាពធន់នៃការអនុវត្តកសិកម្មទៅនឹងការប្រែប្រួលអាកាសធាតុ (២) ជួយកសិករប្រើប្រាស់ឱ្យអស់លទ្ធភាពនៃធនធានដែលមានស្រាប់ ដើម្បីបង្កើនផលិតភាពកសិកម្មប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច (៣) លើកកម្ពស់ការប្រើប្រាស់និងគ្រប់គ្រងដីតាមវិធានការគ្រប់គ្រងចម្រុះប្រកបដោយនិរន្តរភាព (៣) គាំទ្រដល់កសិករឱ្យធានាបាននូវស្ថិរភាពក្នុងការផលិតស្បៀងដើម្បីផ្តល់នូវអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ បង្កើនប្រាក់ចំណូល និងសេដ្ឋកិច្ចក្នុងគ្រួសារ។