នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋានកសិឧស្សាហកម្ម និងមន្ទីរកសិកម្មខេត្តសៀមរាប បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាទិញលក់«ម្ទេសស្តង់ដាសុវត្ថិភាពចំនួន ២៤០តោន» រវាងសហគមន៍កសិកម្មទំនើបស្រូវនាងអំ និងសហគមន៍កសិកម្មទំនើបសសី និងក្រុមហ៊ុនកសិដ្ឋានគីរីទេស នៅខេត្តសៀមរាប លើផ្ទៃដីដាំដុះចំនួន ១០ហិកតា។
នាឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សហគមន៍កសិកម្មទំនើបទាំង២ បានសម្រេចធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន ដោយបន្ថែមផលិតកម្មដំណាំម្ទេស បូករួមនឹងដំណាំស្រូវ និងដំណាំបន្លែដែលមានស្រាប់។ បើតាមឯកឧត្តម ការពង្រីកវិសាលភាពនេះ ធ្វើឡើងដោយមានការតភ្ជាប់ទីផ្សារទុកជាមុន តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលនឹងជួយការពារកសិករអ្នកផលិតពីហានិភ័យទីផ្សារ និងផ្តល់ភាពច្បាស់លាស់ជាងមុនដល់ការព្យាករណ៍ប្រាក់ចំណូលរបស់ពួកគាត់។
ជាមួយគ្នានេះ សហគមន៍ទាំង២ ក៏ទទួលបានការគាំទ្រដើមទុន និងបច្ចេកទេសដាំដុះ សម្រាប់ផលិតកម្មដំណាំថ្មីមួយនេះពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ៕