វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ទឹកសាប៖ នៅថ្ងៃអង្គារ ៦រោច ខែអស្សុជ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃព្រហស្បតិ៍ ១កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក អ៊ឺន សុភា អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះធ្វើសវនកម្មផ្ទៃក្នុង តាមផែនការសវនកម្មផ្ទៃក្នុង ឆ្នាំ២០១៨ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់គម្រោងការគ្រប់គ្រងធនធានជលផលភូមិភាគឥសាន។
គោលបំណងសវនកម្មរួមគឺវាយតម្លៃ និងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃដំណើរការគ្រប់គ្រងហានិភ័យ ដំណើរការត្រួតពិនិត្យ និងដំណើរការអភិបាលកិច្ច ក្នុងវិសាលភាពគ្របដណ្តប់សកម្មភាពគ្រប់គ្រង និងប្រតិបត្តិការទាំងឡាយ។ ជាទូទៅការងារសវនកម្មបានផ្តោតទៅលើការបញ្ជាក់ថាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងផ្តល់នូវការធានាសមហេតុផលមួយសំដៅសម្រេចបាននូវគោលបំណងដូចខាងក្រោម៖
- គោលបំណងប្រតិបតិ្តការ : ការសម្រេចបានប្រកបដោយប្រសិទ្ធភាពនៃគោលបំណងធុរកិច្ច
- គោលបំណងព័ត៌មាន : ភាពជឿទុកចិត្ត និងភាពពេញលេញ នៃព័ត៌មានផ្នែកហិរញ្ញវត្ថុ ដែលប្រើប្រាស់ដោយថ្នាក់ដឹកនាំ និង
- គោលបំណងអនុលោមភាព : អនុលោមជាមួយច្បាប់ បទប្បញ្ញត្តិ គោលការណ៍ នីតិវិធីជាធរមាន។
ហានិភ័យគន្លឹះអាចរាប់បញ្ចូលនូវ៖
- ហានិភ័យប្រតិបតិ្តការ : ជាហានិភ័យលើការបាត់បង់ ដែលជាលទ្ធផលបរាជ័យនៃដំណើរការមនុស្ស និងប្រព័ន្ធ ឬហេតុការណ៍ពីខាងក្រៅ
- ហានិភ័យហិរញ្ញវត្ថុ : ជាលទ្ធភាពដែលព័ត៌មានផ្នែកហិរញ្ញវត្ថុត្រូវបានរៀបចំឡើងមិនត្រឹមត្រូវ ធ្វើឲ្យការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំពុំសមស្រប និង
- ហានិភ័យអនុលោមភាព : ជាលទ្ធភាពដែលសកម្មភាពមិនអនុលោមតាមច្បាប់ និងបទប្បញ្ញតិ្ត។