នៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ ២០២៤ ប្រធាននាយកដ្ឋានដំណាំស្រូវ បណ្ឌិត គង់ គា និងក្រុមការងារ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង នៅឃុំកំពង់គោ និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ការចុះពិនិត្យផ្ទាល់ និងរបាយការណ៍បន្ថែមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បង្ហាញថា ក្នុងខេត្តកំពង់ធំមានឃុំចំនួន ១៣ ក្នុងស្រុកចំនួន ៥ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ស្រុកទាំង៥នោះរួមមាន ស្រុកកំពង់ស្វាយ ក្រុងស្ទឹងសែន ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ និងស្រុកបារាយណ៍ ដែលមានកសិករសរុបចំនួន៣៤០គ្រួសារ។
ដំណាំស្រូវបានរងផលប៉ះពាល់ ចំនួន៤៧៤ហិកតា និងខូចខាតទាំងស្រុងចំនួន១២៥ហិកតា។ ផ្ទៃដីប៉ះពាល់សរុបនេះ ស្មើនឹង១.៩៦% បើធៀបនឹងផ្ទៃដីដាំដុះស្រូវវស្សាសរុបក្នុងឃុំ និងស្មើនឹង០.២៤%បើធៀបនឹងផ្ទៃដីដែលបានដាំដុះស្រូវវស្សាក្នុងខេត្ត។ ចំពោះការខូចខាតវិញ ស្មើនឹង0.៥២% បើធៀបនឹងផ្ទៃដីដាំដុះក្នុងឃុំនិងស្មើនឹង០.០៦% បើធៀបនឹងផ្ទៃដីដាំដុះសរុបក្នុងខេត្ត។
ស្ថិតក្នុងស្ថានភាពនេះ ក្រុមការងារ បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងបញ្ជាផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត បានអន្តរាគមន៍ស្តាប្រឡាយបណ្តោះទឹកនៅក្នុងឃុំបារាយណ៍ ដើម្បីរំដោះទឹកចេញពីវាលស្រែដែលមានផ្ទៃដីប្រមាណ២០០ហិកតា៕