នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» ដែលជាជនបង្គោលមកពីតំបន់មេគង្គលើ និងទន្លេសាប។
វគ្គបណ្តុះបណ្តាលមានការចូលរួមពី ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ លោកស្រីបណ្ឌិត យូកា យូជីតា អ្នកជំនាញជាន់ខ្ពស់ខាងសុខភាព និងសុវត្ថិភាពការងាររបស់អង្គការ ILO ថ្នាក់ដឹកនាំ មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងមន្ទីរកសិកម្មខេត្តសៀមរាប និងមន្ត្រីកសិកម្មឃុំ ជាជនបង្គោល សរុបចំនួន៤០នាក់ ធ្វើឡើងរយៈពេល២ថ្ងៃ នៅស្ថានីយស្រាវជ្រាវកសិកម្ម ខេត្តសៀមរាប។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ដល់មន្ត្រីកសិកម្មឃុំជាគ្រូបង្គោល ត្រូវយកចំណេះដឹងទាំងនេះធ្វើការបណ្តុះបណ្តាលបន្តផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពការងារក្នុងវិស័យកសិកម្ម ទៅដល់មន្ត្រីកសិកម្មឃុំ និងកសិករនៅតាមឃុំគោលដៅទូទាំងប្រទេស សំដៅលើកកម្ពស់សុខមាលភាពសង្គមឱ្យកាន់តែល្អ និងមានប្រសិទ្ធភាព។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ស្នើដល់អង្គការILO បន្តជួយគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំបន្ថែមទៀត ដើម្បីឱ្យគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យកាន់តែប្រសើរថែមទៀត៕