នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យ និងវាយតម្លៃស្ថានភាពនៃការបំផ្លាញដំណាំស្រូវដោយសារ ដង្កូវមូរស្លឹក ដង្កូវហ្វូង និងពិនិត្យផលិតកម្មបន្លែដែលរុយសបំផ្លាញ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមអមដំណើរពីលោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្ត មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករ៕
ឆ្លៀតក្នុងឱកាសជាមួយគ្នានោះ មន្រ្តីជំនាញមកពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តពន្យល់ណែនាំពីរបៀបនៃការសង្កេតពពួកសត្វល្អិតចង្រៃ វិធានការការពារ ទប់ស្កាត់ តាមបែបធម្មជាតិ និងបានផ្ដល់ថ្នាំកសិកម្មសម្រាប់កម្ចាត់ រុយស ជូនប្រជាកសិករដែលកំពុងរងផលប៉ះពាល់ផងដែរ។
បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់មន្ត្រីមន្ទីរកសិកម្មខេត្តប៉ៃលិន ឱ្យយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ឱ្យទាន់ពេលវេលា ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាកសិករ ចូលរួមជួយផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យបានព្រមៗគ្នា ហើយដើម្បីទប់ស្កាត់បានទាន់ពេលវេលា ប្រជាកសិករត្រូវទាក់ទងទៅកាន់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនជាបន្ទាន់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំងនោះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕