នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួង និងមន្ត្រីបច្ចេកទេស ចុះពិនិត្យផ្ទាល់លើផលប៉ះពាល់ដំណាំស្រូវវស្សាដោយសារទឹកជំនន់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការសម្របសម្រួល និងចូលរួមពីប្រធានមន្ទីរកសិកម្មខេត្ត មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន។
ដើម្បីកាត់បន្ថយការខូចខាតស្រូវទុំឱ្យបានច្រើនបំផុត ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាចាត់វិធានការសង្គ្រោះស្រូវជាបន្ទាន់ ("ដណ្តើមស្រូវពីទឹក") តាមរយៈ ស្វែងរកម៉ាស៊ីនច្រូតខ្នាតធំ ដែលអាចច្រូតក្នុងទឹកជ្រៅបាន. បិទភ្លឺស្រែ និងបូមទឹកចេញ ចំពោះស្រែណាដែលមានភ្លឺខ្ពស់ និងកៀងគរកម្លាំងប្រជាពលរដ្ឋ ដើម្បីជួយច្រូតដៃបន្ថែម។
ឯកឧត្តមបានគូសបញ្ជាក់ថា ផ្អែកលើការវាយតម្លៃជាក់ស្តែង ស្រូវទុំទាំងនោះអាចប្រមូលផលបានស្ទើរតែ ១០០% ប្រសិនបើគ្មានភ្លៀងធ្លាក់បន្ថែមខ្លាំងទេនោះ ព្រោះកម្រិតទឹកមិនទាន់លិចផុតគួរស្រូវ និងស្រូវក៏មិនទាន់ទុំជ្រុលនៅឡើយ៕