នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញ បានអញ្ជើញ ចូលរួមសិក្ខាផ្សព្វផ្សាយ ស្តីពី « ការជំរុញការអនុវត្តគោល នយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ » ដែល សិក្ខាសាលា នេះរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម គាំទ្រថវិកាដោយអង្គការ អភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ)។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” និង Cambodia Cashew Vision ២០២៤ ឱ្យបានទូលំទូលាយដល់គ្រប់អន្តរវិស័យ និងតួអង្គ ពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទី ។ ក្នុងនោះលោកបណ្ឌិត ចាយ ជីម បានធ្វើបទបង្ហាញជូនដល់អង្គសិក្ខាសាលាអំពីខ្សែច្រវាក់ស្វាយចន្ទីនៅកម្ពុជា។ បើតាមការលើកឡើងរបស់លោកបណ្ឌិត ចាយ ជីម ដំណំាស្វាយចន្ទីកម្ពុជាមានសក្តានុពលខ្លំាង។ យ៉ាងណាក៏ដោយ ដើម្បីក្លាយជាអធិរាជស្វាយចន្ទី កម្ពុជាត្រូវការការវិនិយោគលើការគ្រប់គ្រងផលិតកម្មក្រោយប្រមូលផលស្វាយចន្ទី និងការកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារបរទេសដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។
ក្រៅពីនោះអង្គសិក្ខាសាលាក៏បានជជែកពិភាក្សាអំពីសារៈសំខាន់នៃតួអង្គក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ស្របទៅនឹងការដាក់ចេញនូវគោលនយោបាយទី៥ និងទី៦ នៃការជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាព ប្រមូលផ្តុំ ការផលិត ដោយផ្សារភ្ជាប់ទៅនឹងទីផ្សារតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយគិតគូរទៅលើគុណភាព និងបរិមាណ តាមលក្ខខណ្ឌតម្រូវរបស់អ្នកទិញ និងការកែច្នៃប្រកបដោយគុណភាព សមស្របតាមតម្រូវការទីផ្សារ។
ក្រៅពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាន តំណាងអ្នកចូលរួមផ្សេងៗដែលអញ្ជើញមកពីសិប្បករកែច្នៃស្វាយចន្ទី អ្នកផ្គត់ផ្គង់ឧបករណ៍កែច្នៃ និងកសិករអ្នកដំាំស្វាយចន្ទីជាដើម៕