នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារឌីជីថល បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងពិនិត្យ និងរៀបចំអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យជូនដល់គ្រឹះស្ថានឧត្តមសិក្សាទាំង៣ ក្រោមចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម សំដៅប្រសិទ្ធភាពដល់ការងារគ្រប់គ្រង ការរៀបចំកម្មវិធីសិក្សា និងងាយស្រួលក្នុងការប្រើប្រាស់ និងតាមដានវឌ្ឍនភាពនៃការបង្រៀន និងសិក្សាសម្រាប់ទាំងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត។
សូមជម្រាបជូនថា ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងថ្មីមួយនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលលេចចេញពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល៕