នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារក្រសួង បានអញ្ជើញទទួលជួបប្រតិភូសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក មកពីប្រទេសម៉ាឡេស៊ី ពិភាក្សាពីគម្រោងសិក្សាការដាំទុរេននៅកម្ពុជា ដែលកិច្ចជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម។
នៅក្នុងជំនួបនៃកិច្ចប្រជុំ គណៈប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ី បានធ្វើបទបង្ហាញចែករំលែកនូវបទពិសោធន៍ និងបច្ចេកទេសព្រមទាំងពូជនៃដំណាំទុរេន ដែលធ្លាប់បានដាំ និងអនុវត្តនៅប្រទេសម៉ាឡេស៊ី ជូនអង្គពិភាក្សា។ ទន្ទឹមនឹងនោះតំណាងក្រុមហ៊ុនម៉ាឡេស៊ី លើកឡើងថានឹង មានគម្រោងធ្វើការវិនិយោគដាំទុរេននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវធ្វើការសិក្សាជាមុនសិន ថាតើមានដីស្ថិតនៅក្នុងខេត្តណាខ្លះ ដែលអាចដាំទុរេនទទួលបានទិន្នផលខ្ពស់។
ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម ចាន់ សុវុឌ្ឍ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគោលបំណងនៃការសិក្សានេះ ដោយឱ្យអង្គភាពជំនាញពិនិត្យ និងសហការជាមួយភាគីខាងគណៈប្រតិភូសភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក ។ ឯកឧត្តម បានបញ្ជាក់ថែមទៀតផងដែរថា កម្ពុជាមានខេត្តចំនួន៩ ដែលបានដាំដុះដំណាំទុរេនមានដូចជា៖ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តកំពង់ធំ៕