វគ្គបណ្តុះបណ្តាល “ក្របខណ្ឌ មុខងារ តួនាទី ភារកិច្ច នីតិវិធីសវនកម្ម និងការណែនាំពីទម្រង់របាយការណ៍សវនកម្មផ្ទៃក្នុង”

ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 144

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងក្រោមប្រធានបទ ក្របខណ្ឌ មុខងារ តួនាទី ភារកិច្ច នីតិវិធីសវនកម្ម និងការណែនាំពីទម្រង់របាយការណ៍សវនកម្មផ្ទៃក្នុង ដល់មន្ត្រីរាជការនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅអគ្គារតេជោសន្តិភាព (បន្ទប់នាងនួន) ក្រោមអធិបតីភាព ឯកឧត្តម គង់ វ៉ាញ អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង អគ្គាធិការ អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការក្រោមឱវាទអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង សរុបចំនួន ៨០ នាក់ ​ក្នុងនោះស្រីចំនួន ២៥នាក់ ដោយវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២៦។

គោលបំណងវគ្គបណ្ដុះបណ្ដាលគឺ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីរាជការនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់រដ្ឋបាលសាធារណ: សមាហរណកម្មបញ្ជូលគ្នារវាងអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងអាចចាត់ទុកជាកិច្ចប្រឹងប្រែងពង្រឹងមុខងារសវនកម្មផ្ទៃក្នុង របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឱ្យមានចំណេះដឹង និងបទពិសោធន៍លើការងារទាក់ទងនឹងការចុះធ្វើសវនកម្មនៅតាមបណ្តាសវនដ្ឋាន ដែលចំណុចគន្លឹះសម្រាប់​សវនករគ្រប់រូប​ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ក៏ដូចជាគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបន្ដផ្ដល់អាទិភាពលើការពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព ស័ក្តិសិទ្ធិ និងសមត្ថភាពអង្គភាព។

ខ្លឹមសារសំខាន់ៗនៃវគ្គបណ្តុះបណ្តាល មានដូចខាងក្រោម៖

                       ១.  បទបង្ហាញទី១ ស្តីពីក្របខ័ណ្ឌសវនកម្មផ្ទៃក្នុង និងការគ្រប់គ្រង៖ ឧទ្ទេសនាមដោយលោកបណ្ឌិត និល សុធន  អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

  • រំលឹកសាវតា ទិដ្ឋភាពទូទៅ នៃសវនកម្ម
  • សវនកម្មផ្ទៃក្នុងត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានសវនកម្មផ្ទៃក្នុង (IIA) នៅសហរដ្ឋអាមេរិកក្នុង អំឡុងឆ្នាំ១៩៤១
  • គោលបំណងសវនកម្មផ្ទៃក្នុង គឺជួយដល់ផ្នែកនីមួយៗនៃស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ ដើម្បីបំពេញការទទួលខុសត្រូវរបស់ខ្លួនឱ្យមានប្រសិទ្ធភាព
  • មុខងារសំខាន់ គឺជួយវាយតម្លៃដោយឯករាជ្យនូវភាពសមស្របគ្រប់គ្រាន់ នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងផ្តល់នូវការធានាលើភាពគ្រប់គ្រាន់នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដែលកំពុងមាន និងកំពុងដំណើរការទៅតាមគោលបំណងរបស់អង្គភាព
  • សវនកម្មផ្ទៃក្នុង គឺជាសកម្មភាពពិគ្រោះយោបល់ និងការអះអាងដោយឯករាជ្យ មិនលំអៀង ដែលរៀបចំឡើង ដើម្បីបន្ថែមតម្លៃ និងកែលម្អប្រតិបត្តិការរបស់អង្គភាព ជួយឱ្យអង្គភាពសម្រេចបាននូវគោលបំណងរបស់ខ្លួន ដោយប្រកាន់យកនូវអភិក្រមជាប្រព័ន្ធ មានជំនាញត្រឹមត្រូវ ដើម្បីវាយតម្លៃ និងកែលម្អប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងផ្ទៃក្នុង និងដំណើរការអភិបាលកិច្ច
  • គោលបំណងចម្បងរបស់សវនកម្មផ្ទៃក្នុង គឺផ្តល់ឲ្យក្រសួង ស្ថាប័ន និងសហគ្រាសសាធារណៈ នូវការវិភាគ ការវាយតម្លៃ អនុសាសន៍ មតិយោបល់ និងព័ត៌មានទាក់ទងនឹងសកម្មភាពដែលបានត្រួតពិនិត្យ និងពិនិត្យឡើងវិញ
  • សវនកម្មប្រតិបត្តិការ៖ ផ្តោតលើការប្រើប្រាស់ធនធានរបស់អង្គភាពដើម្បីវាយតម្លៃថាធនធានទាំងនោះ ត្រូវបានប្រើប្រាស់ដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីសម្រេចបាននូវគោលបំណង និងបេសកកម្មរបស់សវនដ្ឋាន
  • ប្រភេទសវនកម្ម មានដូចជា៖ សវនកម្មហិរញ្ញវត្ថុ អនុលោមភាព សវនកម្មប្រតិបត្តិការ បច្ចេកវិទ្យាព័ត៌មាន និងសមិទ្ធកម្ម
  • ចំពោះសវនករចែកចេញជាបីប្រភេទ៖ សវនករផ្ទៃក្នុង សវនករផ្ទៃក្រៅ និងសវនកររដ្ឋាភិបាល។
  • ដំណើរការសវនកម្មផ្ទៃក្នុង៖ ធ្វើផែនការចុះសវនកម្ម អនុវត្តសវនកម្ម របាយការណ៍សវនកម្ម និងតាមដានការអនុវត្ត។
  • ក្របខ័ណ្ឌច្បាប់សវនកម្មផ្ទៃក្នុង៖
  • ច្បាប់ស្តីពីសវនកម្មលេខ ០៣០០/១០/ជស/រកម ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ “ការបង្កើតអង្គភាពសវនកម្មផ្ទៃក្នុង” (មាត្រា ១, ៤១, ៤២, ៤៣)
  • អនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃមុខងារសវនកម្មផ្ទៃក្នុងតាមបណ្តាក្រសួង ស្ថាប័ន និងសហគ្រាសសាធារណៈ “ការបង្កើត និងមុខងារសវនកម្មផ្ទៃក្នុង”
  • សារាចរណែនាំលេខ ០១ សរណន ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩ ស្តីពីការពង្រឹងមុខងារសវនកម្មផ្ទៃក្នុង តាមក្រសួង ស្ថាប័ន និងសហគ្រាសសាធារណៈរបស់រាជរដ្ឋាភិបាល
  • សារាចរណែនាំលេខ ១២សរណន ចុះថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០១១ ស្តីពីការបន្តពង្រឹងមុខងារសវនកម្មផ្ទៃក្នុង តាមក្រសួង ស្ថាប័ន និងសហគ្រាសសាធារណៈរបស់រាជរដ្ឋាភិបាល
  • ប្រកាសលេខ ៤០៥ សហវ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៦ ស្តីពីការដាក់ឱ្យប្រើប្រាស់ឯកសារ “ក្រមសីលធម៌សម្រាប់សវនករផ្ទៃក្នុង និងស្តង់ដារ វិជ្ជាជីវៈសវនកម្មផ្ទៃក្នុង”
  • តាមអនុក្រឹត្យលេខ២៦៥អនក្រ.បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុង
  • ក្របខ័ណ្ឌនិងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥
  • អនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការបៀបចំអង្គភាពសវនកម្មក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ ត្រង់មាត្រា៦ និងមាត្រាទី៧
  • អនុក្រឹត្យលេខ២៤០អនក្រ.បក ចុះថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០២៥ ស្តីពីស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រង់មាត្រា៤ រចនាសម្ព័ន្ធរបស់កសក
  • ក្រមសីលធ៌ម សម្រាប់សវនករផ្ទៃក្នុង ដែលបានដាក់ឱ្យប្រើប្រាស់តាមប្រកាសលេខ ៤០៥ សហវ.ប្រក ចុះថ្ងៃទី៣១ ខែខុសភា ឆ្នាំ២០០៦
  • ស្តង់ដារវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង ដែលបានដាក់ឱ្យប្រើប្រាស់តាមប្រកាសលេខ៤០៥ សហវ.ប្រកចុះថ្ងៃទី ៣១ ខែខុសភា ឆ្នាំ២០០៦
  • ស្តង់ដាររបាយការណ៍សវនកម្មផ្ទៃក្នុង ដែលបានប្រកាសឲ្យប្រើតាមសារាចរណែនាំ លេខ ០០៣ ចុះថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សៀវភៅណែនាំនីតិវិធីសវនកម្មផ្ទៃក្នុង ត្រូវបានចេញផ្សាយនៅឆ្នាំ២០១៧
  • គោលនយោបាយ គោលការណ៍ និងស្តង់ដាប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនៃប្រព័ន្ធ FMIS ដែលបានអនុម័ត និងអនុញ្ញាតដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០២ ខែ តុលា ឆ្នាំ២០១៤
  • គោលការណ៍ត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន ដែលបានប្រកាសលេខ ១០១២ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

                   ២. បទបង្ហាញទី២ ស្តីពីមុខងារតួនាទី ភារកិច្ច និងក្រមសីលធម៌សម្រាប់សវនករ និងស្តង់ដារវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង៖ ឧទ្ទេសនាមដោយលោកបណ្ឌិត និល សុធន  អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលមានខ្លឹមសារ​សង្ខេបដូចខាងក្រោម៖

  • ផ្នែកទី១ មុខងារតួនាទីភារកិច្ចសវនកម្មផ្ទៃក្នុង

១. ចក្ខុវិស័យ: ជាសវនកម្មផ្ទៃក្នុងអាជីពដែលមានសមត្ថភាពផ្តល់សេវាសវនកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលអាចធានាជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវរាល់ប្រតិបត្តិការប្រកបដោយតម្លាភាព គណនេយ្យភាព និរន្តរភាព និងធ្វើឱ្យក្រសួងសម្រេចបាននូវសមិទ្ធកម្មខ្ពស់។

២. បេសកកម្ម៖

  • ផ្តល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវសេវាកម្មសវនកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលអាចធានាជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវរាល់ប្រតិបត្តិការប្រកបដោយតម្លាភាព គណនេយ្យភាព និរន្តរភាព និងធ្វើឱ្យក្រសួងសម្រេចបាននូវសមិទ្ធផលខ្ពស់។
  • ជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យសម្រេចគោលបំណងរបស់ខ្លួនតាមរយៈការផ្តល់នូវការធានា សមស្របមួយទាក់ទងនឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រតិបត្តិការ ការផ្តល់ព័ត៌មានទាន់ពេលវេលា របាយការណ៍ហិរញ្ញវត្ថុដែលជឿទុកចិត្តបាន និងអនុលោមភាពទៅនឹងច្បាប់ និងបទដ្ឋានគតិយុត្តនានា
  • លើកកម្ពស់ស្មារតីអំពីការគ្រប់គ្រងផ្ទៃក្នុង បញ្ចេញគំនិតថ្មីៗ សុច្ចរិតភាព សត្យានុម័ត និងក្រមសីលធម៌ក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រី និងធានាឱ្យមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងគ្រប់គ្រាន់ បានប្រើប្រាស់ សង្គតិភាព និងបច្ចុប្បន្នភាព
  • ជួយសវនដ្ឋានក្នុងការកាត់បន្ថយហានិភ័យ ពេលវេលា ថ្លៃដើម និងបង្កើនទិន្នផលប្រកបដោយគុណភាព។

៣. តម្លៃស្នូល : តម្លៃស្នូលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺការប្តេជ្ញាអនុវត្តភារកិច្ចដោយប្រកាន់ខ្ជាប់នូវ÷ ជំនាញវិជ្ជាជីវៈ ការប្ដេជ្ញា​ ឯករាជ្យ សត្យានុម័ត គុណភាព និងសេវាសាធារណៈ។

៤. តួនាទី និងភារកិច្ច : អនុលោមតាមអនុក្រឹត្យលេខ២៦៥អនក្រ.បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុង ដែលមានតួនាទី និងភារកិច្ចចំនួន១៩ចំណុច។

  • ផ្នែកទី២ ក្រមសីលធម៌សម្រាប់មន្ត្រីសវនករ

១. គោលបំណង៖

  • លើកតម្កើងវប្បធម៌ សីលធម៌ ក្នុងវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង
  • បង្កើតនូវការជឿជាក់ក្នុងការធានាលើភាពមិនលម្អៀងក្នុងការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងដំណើរការអភិបាលកិច្ច

២. សមាសភាគនៃក្រមសីលធម៌៖

  • គោលការណ៍ : ពាកព័ន្ធនឹងវិជ្ជាជីវៈ និងការអនុវត្តសវនកម្មផ្ទៃក្នុង
  • វិធានប្រតិបត្តិ : ដែលពិពណ៌នាអំពីតម្រូវការនៃបទដ្ឋានឥរិយាបថរបស់សវនកម្មផ្ទៃក្នុង។ វិធានទាំងនេះជាជំនួយអនុវត្តគោលការណ៍ និងដើម្បីណែនាំសវនករផ្ទៃក្នុងប្រតិបត្តិបានត្រឹមត្រូវនូវក្រមសីលធម៌។

៣. គោលការណ៍ នៃក្រមសីលធម៌ : ភាពសុចរិត ភាពមិនលំអៀង ការសម្ងាត់ និងសមត្ថភាព។

៤. វិធានប្រតិបត្តិនៃក្រមសីលធម៌៖ វិធានប្រតិបត្តិ ជាជំនួយក្នុងការអនុវត្ត គោលការណ៍ នៃក្រមសីលធម៌ ទាំង៤ និងណែនាំសវនករផ្ទៃក្នុងឱ្យប្រតិបត្តិបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ។

  • ផ្នែកទី៣ ស្តង់ដារវិជ្ជាជីវៈសវនកម្ម : ស្តង់ដារទូទៅនៃសវនកម្មផ្ទៃក្នុងមាន ៥៖ ឯករាជ្យភាព ភាពស្ទាត់ជំនាញ និងលក្ខការណ៍វិជ្ជាជីវៈ វិសាលភាពការងារ ការអនុវត្តការងារសវនកម្ម និងការគ្រប់គ្រងអង្គភាពសវនកម្មផ្ទៃក្នុង។

៤. បទបង្ហាញទី៣ ស្តីពីនីតិវិធីសវនកម្មផ្ទៃក្នុង ឧទ្ទេសនាមដោយលោក វ៉ឹង ឈាងហេង ប្រធានការិយាល័យទី៤ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង៖

  • ផ្នែកទី១ ផែនការសវនកម្មផ្ទៃក្នុង

១. ការធ្វើផែនការចុះ និងការរៀបចំកិច្ចប្រជុំ : ការណែនាំរបៀបធ្វើផែនការចុះសវនកម្មផ្ទៃក្នុង ការរៀបចំផែនការការងារ ការណែនាំលើការបើកកិច្ចប្រជុំ និងការណែនាំលើកិច្ចប្រជុំបិទ។

២. ការរៀបចំសន្លឹកកិច្ចការ-សុវត្ថិភាព និងប្រព័ន្ធត្រួតពិនិត្យ៖

  • ឯកសារសវនកម្ម : ផ្ដល់នូវមូលដ្ឋាន និងគាំទ្រដល់សេចក្ដីសន្និដ្ឋាន ដែលបានរកឃើញ
  • គុណភាពល្អនៃឯកសារសវនកម្ម : ពេញលេញ ប្រទាក់គ្នា ឯករូប រៀបរយ និងអេឡិចត្រូនិក
  • វិធីសាស្រ្ដនៃការរៀបចំឯកសារសវកម្ម : ពិពណ៌នាចំណងជើង គំនូសសម្គាល់ ការយោង ការដាក់សន្ទស្សន៍ និងយោងបន្ត
  • ប្រភេទឯកសារសវនកម្ម : តារាងពេលវេលា ដំណើរការសរសេរ សម្ភាសន៍ អង្កេត និងលទ្ធផល
  • ការរៀបចំឯកសារសវនកម្ម : លទ្ធផល កំណត់ត្រាផ្សេងៗ កំណត់សម្គាល់
  • សុវត្ថិភាព និងការត្រួតពិនិត្យឯកសារវនកម្ម
  • ការត្រួតពិនិត្យលើឯកសារដកសវនកម្ម
  • ការរក្សាទុក និងការបន្សល់ទុក។
  • ផ្នែកទី២ ដំណើរការសវនកម្មផ្ទៃក្នុង

១. សហអភិវឌ្ឍការរំពឹងទុក : ស្វែងយល់ពីការរំពឹងទុករបស់អ្នកពាក់ព័ន្ធ និងការរំពឹងទុករបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងនីតិវិធី។

២. ការស្វែងយល់ពីសវនដ្ឋាន : ស្វែងយល់អាណត្តិ យុទ្ធសាស្រ្ត ប្រតិបត្តិការ បរិស្ថាន ដំណើរការ ហិរញ្ញវត្ថុ ការវាយតម្លៃបរិស្ថានគ្រប់គ្រង។

៣. ការវាយតម្លៃហានិភ័យ : ការប្រមូលព័ត៌មាន ការកំណត់ហានិភ័យ អាទិភាពហានិភ័យ ប្រភពហានិភ័យ ការបង្ហាញហានិភ័យ និងការយល់ព្រមពីប្រធានសវនដ្ឋាន។

៤. អភិវឌ្ឍផែនការសវនកម្ម : ការរៀបចំព័ត៌មានសម្រាប់សកលសវនកម្ម ការទទួលស្គាល់ ការដាក់អាទិភាព ការចងក្រងឯកសារផែនការសវនកម្ម ការកំណត់តម្រូវការធនធាន និងការយល់ព្រមពីប្រធានសវនដ្ឋាន

៥. ការអនុវត្តសវនកម្ម : ការស្វែងយល់ដំណើរការ ការវាយតម្លៃហានិភ័យក្នុងដំណើរការ ការវាយតម្លៃសមិទ្ធកម្មដំណើរការនិងគំលាតត្រួតពិនិត្យ បញ្ជាក់ភាពត្រឹមត្រូវនៃរង្វាស់ដំណើរការនិងប្រព័ន្ធត្រួតពិនិត្យ និងកំណត់ឫសគល់បញ្ហានិងដំណោះស្រាយចំពោះគំលាតដំណើរការ។

៦. គមនាគមន៍លទ្ធផល : សង្ខេបលទ្ធផល ការផ្សារភ្ជាប់លទ្ធផលទៅនឹងសេចក្តីរំពឹងទុករបស់សវនដ្ឋាន ការរៀបចំរបាយការណ៍សម្រាប់កិច្ចប្រជុំបញ្ចប់ និងការបង្កើតកិច្ចប្រជុំបញ្ចប់។

៥. បទបង្ហាញទី៤ ស្តីពីស្តង់ដាររបាយការណ៍សវនកម្មផ្ទៃក្នុង៖ ឧទ្ទេសនាមដោយលោក វ៉ឹង ឈាងហេង ប្រធានការិយាល័យទី៤ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង៖

  • ផ្នែក១ ខ្លឹមសារសង្ខេប : សាវតារ ហានិភ័យគន្លឹះ វិសាលភាពសវនកម្ម គោលបំណងសវនកម្ម អភិក្រមសវនកម្ម សង្ខេបលទ្ធផលគន្លឹះ សេចក្តីសនិ្នដ្ឋាន វិធានការកែលម្អ និងសេចក្តីថ្លែងអំណរគុណ 
  • ផ្នែក២ លទ្ធផលសវនកម្មលម្អិត : ប្រតិភូសវនកម្មផ្ទៃក្នុង និងខណៈគោលសំខាន់ៗ ទិដ្ឋភាពរួមសវនកម្មផ្ទៃក្នុង ការត្រួតពិនិត្យផ្ទៃក្នុង ព័ត៌មានអំពីសវនដ្ឋាន លទ្ធផលសវនកម្ម (ផ្នែកប្រសិទ្ធភាពប្រតិបត្តិការ ផ្នែកអនុលោមភាព ផ្នែកបច្ចេកវិទ្យាព័ត៌មាន       និងផ្នែកសមិទ្ធកម្ម) សេចក្តីសន្និដ្ឋានរួម ផែនការសកម្មភាពកែលម្អ។        
  • ឧបសម័្ពន្ធទី១៖ ការអនុវត្តអនុសាសន៍សវនកម្មគ្រាមុន
  • ឧបសម័្ពន្ធទី២៖ ផែនការសកម្មភាពកែលម្អ
  • ឧបសម័្ពន្ធទី៣៖ ឧបសម្ព័ន្ធផ្សេងៗ

 បន្ទាប់មកមានការពិភាក្សាជាក្រុមលើករណីសិក្សាជាក់ស្តែង ដោយលោកគ្រូឧទ្ទេសបានធ្វើការបែងចែកសិក្ខាកាមជា៨ក្រុម និងលើកប្រធានបទពាក់ព័ន្ធនឹងការអនុវត្តសវនកម្មជាក់ស្តែងមកធ្វើការពិភាក្សា ព្រមទាំងបានចាត់តំណាងនៅក្នុងក្រុមដើម្បីធ្វើបទបង្ហាញ រួមទាំងមានសំណួរចម្លើយ ការចែករំលែកចំណេះដឹង និងផ្តល់យោបល់រវាងគ្នានឹងគ្នាជាច្រើនទៀត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 318

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនាទីព្រៃកោងកាងនិងបញ្ហាប្រឈមនៅក្នុងខេត្តចំនួន២

នៅថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 325

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំ​ក្រុមការងារ បន្តចុះពិនិត្យស្ថានភាពផលិតកម្មដំណាំស្ពៃក្ដោប និងការ៉ុត នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានបន្តដឹកនាំក្រុមការងារអនុវត្តម្រោងថ្នាក់ខេត្តមណ្ឌលគិរី...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 299

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំគណៈប្រតិភូ ជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នាយ ពលទាហានយោធភូមិភាគទី៥ នៅខេត្តបាត់ដំបង

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូ...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 304

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានដឹកនាំ ក្រុមការងារបច្ចេកទេសនាយកដ្ឋានបរិវត្តកម្មឌីជីថលជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានដឹកនាំ ក្រុមការងារបច្ចេកទេសនាយកដ្ឋានបរិវត្តកម្មឌីជីថលជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 305

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៥០០គីឡូក្រាម ស៊ុតទាចំនួន ៧៥០គ្រាប់ និងត្រីអណ្តែងចំនួន ៥០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៥០០គីឡូក្រាម ស៊ុតទាចំនួន ៧៥០គ្រាប់...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 394

តួនាទីរបស់និស្សិត និងយុវជន ក្នុងការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការឆ្លងមេរោគអេដស៍

កម្មវិធីអប់រំអំពីគ្រឿងញៀន និងជំងឺអេដស៍ សហការរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 339

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ បានដឹកនាំកិច្ចប្រជុំវាយតម្លៃ និងបញ្ចេញពូជពោតអ៊ីប្រ៊ីដ ចំនួន២ ប្រភេទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការបញ្ចេញពូជដំណាំ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 332

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុម​ការងារថ្នាក់ខេត្ត ចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម រួមទាំង​បញ្ហាប្រឈមនានានៃការដាំបន្លែ នៅខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​នាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា បន្ទាប់ពីពិធីបើកសិក្ខាសា​លា​បណ្ដុះបណ្ដាលស្ដីពីទស្សនទានយេនឌ័រ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 324

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជា​អធិ​ប​តីភាព​ក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «ទស្សនទាន​យេនឌ័រ ក្នុងការលើកកម្ពស់តួនាទីបុរស-ស្ត្រី» នៅខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយក​គម្រោង បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាបណ្ដុះ​បណ្ដាល​ស្ដីពី«ទស្សនទានយេនឌ័រ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 370

ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើអត្ថបទបកប្រែជាភាសាអង់គ្លេសនៃច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើអត្ថបទបកប្រែជាភាសាអង់គ្លេសនៃច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 368

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំធ្វើវិធានការអន្តរាគមន៍សម្រាប់ជំរុញផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្មបន្លែ ពោត និងដំឡូងមី

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំខាងលើ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៧ មេសា ២០២៦ 433

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ច​ប្រជុំ​តម្រង់ទិសការងារដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកណ្តាល​ដើម្បី​បង្កើនប្រសិទ្ធភាពការងារបម្រើកសិករ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹក​នាំ​កិច្ចប្រជុំជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់...