នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមហ៊ុនភស្តុភារកម្ម Thoresen Vinama Logistics Co.,Ltd ក្រុមហ៊ុនកំពង់ផែដឹកជញ្ជូន TERSERCE PHU MY និងក្រុមហ៊ុនជី BACONCO នៅកំពង់ផែហ្វូកមី ក្រុងហូជីមិញ ប្រទេសវៀតណាម។
បន្ទាប់ពីទទួលបានការអនុញាតពីឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Golden Chi Cambodia ក្នុងទស្សនកិច្ចនេះ ឯកឧត្តម គី ច័ន្ទរំដួល បានជួបពិភាក្សាការងារជាមួយបណ្តាក្រុមហ៊ុន ពីការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការផ្គត់ផ្គង់ ការផលិត ដឹកជញ្ជូន និងទទួលទិញមកវិញ ជាពិសេសផ្តោតសំខាន់លើការលើកដាក់ទំនិញកសិកម្ម ធ្វើយ៉ាងណាចំណេញពេលវេលា និងកាត់បន្ថយចំណាយមិនចាំបាច់ ព្រមទាំងពិភាក្សាពីដំណើរការប្រព័ន្ធនៃការគ្រប់គ្រងកំពង់ផែ ការដឹកជញ្ជូន-ដឹកជញ្ជូនឆ្លងកាត់នូវកសិផលកម្ពុជា និងពិនិត្យនូវខ្សែច្រវាក់ផលិតកម្មជីកសិកម្ម៕