តបតាមការអញ្ជើញរបស់បណ្ឌិត Matthew Morell នាយកវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញផ្នែកដំណាំស្រូវអញ្ជើញទៅបំពេញទស្សនៈកិច្ចជាជ្លូវការរយៈពេល ៣ថ្ងៃនៅសាធារណរដ្ឋហ្វីលីពីន។
យោងតាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តមរដ្ឋមន្ត្រីនឹងចូលជួបសម្តែងការគួរសមជាមួយភាគីក្រសួងកសិកម្មហ្វីលីពីន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរស្របតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបានធ្វើនាឆ្នាំ២០១៥កន្លងមក។ ទន្ទឹមនឹងនេះ ក៏មានការជួបពិភាក្សាការងារជាមួយនាយកវិទ្យាស្ថាន និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រពី IRRI ដើម្បីរួមគ្នាវាយតម្លៃវឌ្ឍនភាពនៃគម្រោង IRRI និងគម្រោងពាក់ព័ន្ធដែលបាននិងកំពុងអនុវត្តន៍នៅកម្ពុជា ព្រមទាំងធ្វើការផ្លាស់ប្តូរបទពិសោធន៍អំពីយន្តការនៃផលិតកម្មពូជ ការបង្កាត់ពូជ ទីផ្សារ តម្លៃបន្ថែមលើផលិតកម្មស្រូវ និងការបំពេញនៃខ្សែចង្វាក់ផលិតកម្មកសិកម្មតាមអភិក្រមនៃការធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ផលិតកម្មដំណាំស្រូវឈានទៅរកភាពជោគជ័យ និងកាលានុវត្តភាព។
មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកនាយកវិទ្យាស្ថាន IRRI នឹងចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិស្តីពីគ្រាប់ពូជរបស់់កម្ពុជាផងដែរ។