ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជាសមាជិកគណៈកម្មការសម្របសម្រួលការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសម្របសម្រួលការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប ស្តីពី សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ សម្រាប់គ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប ជាមួយអង្គការដៃគូ ចាប់ពីថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគាររីវ័រសាយ ខេត្តពោធិ៍សាត់។
នៅក្នុងកិច្ចប្រជុំនោះ បានពិគ្រោះយោបល់លើយុទ្ធសាស្រ្តមួយចំនួន រួមមាន អភិបាលកិច្ច និងការគ្រប់គ្រងជលសាស្ត្រ ការគ្រប់គ្រង ការពារនិងអភិរក្សជីវៈចម្រុះ ព្រៃលិចទឹក និងធនធានធម្មជាតិ ការបំពុល ការគ្រប់គ្រង និងប្រើប្រាស់ដី និងការលើកកម្ពស់ជីវភាពសហគមន៍ និងគោលដៅយុទ្ធសាស្ត្រនៃយុទ្ធសាស្ត្រនីមួយៗ។ ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏បានពិភាក្សាលើមាតិកានៃផែនការយុទ្ធសាស្ត្រនេះ និងបានកំណត់នូវចក្ខុវិស័យ និងបេសកកម្មសម្រាប់ផែនការយុទ្ធសាស្ត្រនេះផងដែរ៕