នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញ និងពិភាក្សាការងារស្តីពី ការរៀបចំសេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការធ្វើបរិវត្តកម្មឌីជីថលលើវិស័យកសិកម្ម ធ្វើឡើងដោយអនុលោមទៅតាមគោលនយោបាយជាតិ និងការវិវត្តន៍នៃសម័យកាល តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួល ឆ្លើយតបបានរហ័ស ប្រកបដោយភាពត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការងារនេះទាមទារឱ្យមានផែនការមេ មានគោលដៅរួម និងមានលក្ខណៈរួមមួយលើទម្រង់ឌីជីថល ដោយមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ ដើម្បីធានាដល់សន្តិសុខសុវត្ថិភាព និងមានប្រសិទ្ធភាពការងារខ្ពស់ ក្នុងការសម្រួលសេវាសាធារណៈឱ្យកាន់តែកៀក និងងាយស្រួលដល់ប្រជាពលរដ្ឋ កសិដ្ឋាន និងអ្នកពាក់ព័ន្ធ៕