នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំអធិការរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានបន្តចុះពិនិត្យកន្លែងអភិរក្សជលផល និងជួបសំណេះសំណាល សួរសុខទុក្ខមន្រ្តីជលផល កងកម្លាំងចម្រុះមានថ្នាក់ដឹកនាំយោធភូមិភាគ៥ តំបន់សឹករងកំពង់ធំ ទីបញ្ជាការស្រាល និងអាជ្ញាធរឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បន្ទាប់បានចុះទៅសួរសុខទុក្ខ និងផ្តល់ជូនថវិកាមួយចំនួន រួមទាំងមាន ប្រេងឥន្ទន: និងគ្រឿងឧបភោគបរិភោគ ដល់កម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេសដែលប្រចាំការនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ខេត្តសៀមរាប។
នាឱកាសនោះ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានរាយការណ៍ ស្តីពីលទ្ធផលការងារ បញ្ហាប្រឈមមួយចំនួន និងវឌ្ឍនភាពការងារបង្ការ ទប់ស្កាត់ ពិសេស គឺការដោះស្រាយ និងទប់ស្កាត់ជាបន្ទាន់នូវការតាំងទីលំនៅរបស់អ្នកនេសាទពនេចរ ដែលចង់កសាងទីលំនៅដ្ឋានបណ្តោះអាសន្ន នៅក្បែរៗកន្លែងអភិរក្សទន្លេឆ្មា ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់មន្រ្តីជំនាញ មន្ត្រីស្ថាប័នពាក់ព័ន្ធ សហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះទាំងអស់ដែលជានិច្ចជាកាលតែងតែសហការគ្នាបានល្អក្នុងការបំពេញកាតព្វកិច្ចនេះរហូតទទួលបានលទ្ធផលមួយគួរឱ្យកត់សំគាល់។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រុមការងារនិងបន្តធ្វើបេសកកម្មនេះ ដូចភ្លៀងរលឹម ទាំងថ្ងៃទាំងយប់ទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យ ដើម្បីជួយអភិរក្សធនធានជលផល ជាពិសេសរក្សាត្រីមេពូជគ្រប់ប្រភេទក្នុងកន្លែងអភិរក្សសំខាន់ៗទាំងបួនក្នុងភូមិសាស្រ្តខេត្ត ដែលជាតំបន់អាទិភាពមួយដ៏សំខាន់ ដើម្បីរក្សាមេពូជត្រីសម្រាប់រដូវទឹកឡើងនាពេលខាងមុខនៅបឹងទន្លេសាប។
បើតាមឯកឧត្តមដំណើរនៃកិច្ចសំណេះ សំណាល និងសួរសុខទុក្ខនេះ ផ្តោតទៅលើការបន្តទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទដូចជា របាំងស្បៃមុង ការប្រើឧបករណ៍ឆក់ និងការឆ្មក់ចូលរាយមងក្នុងដែនអភិរក្សនៅពេលយប់ ដែលនាំឱ្យមហន្តរាយធ្ងន់ធ្ងរដល់ត្រីមេពូជ។ ក្រោយពីបញ្ចប់កិច្ចសំណេះសំណាលរួចមក ឯកឧត្តមក៏បានផ្តល់ជូននូវប្រេងឥន្ទន:ចំនួន៣០០លីត្រ ដើម្បីលើកទឹកចិត្តជូនដល់ខណ្ឌរដ្ឋបាលជលផលកំពង់ធំ២០០លីត្រ និងអធិការរដ្ឋបាលខាងជើងបឹងទន្លេសាប ដែលប្រចាំការក្នុងភូមិសាស្រ្តផាត់សណ្តាយចំនួន១០០លីត្រផងដែរ ដែលជួយឧបត្ថម្ភបន្ថែមពីរដ្ឋបាលជលផលសម្រាប់បង្កើនសកម្មភាពក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕