សេចក្តីប្រកាសព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (WFP) ព្រមទាំងមានការគាំទ្រ និងឧបត្ថម្ភពីអង្គការអុកហ្វាម (OXFAM) មជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េនៅកម្ពុជា (KOPIA) អង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មាន ព្រំដែន (AVSF) អង្គការហេក្ស (HEKS) ដើម្បីរៀបចំប្រារព្ធខួបទី៣៨ នៃទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៨ ក្រោមប្រធានបទ យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឲ្យដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០។ គោលបំណងដើម្បីបំផុសស្មារតីឲ្យយើងទាំងអស់គ្នាយល់ដឹង និងទទួលស្គាល់អំពីតួនាទីដ៏មានសារៈសំខាន់នៃវិស័យកសិកម្មក្នុងការដោះស្រាយបញ្ហា អាហាររូបត្ថម្ភ សុវត្ថិភាពចំណីអាហារ សុខុមាលភាព និងសន្តិសុខស្បៀង សំដៅឈានទៅរកការបញ្ចប់ភាពអត់ឃ្លានរបស់ប្រជាជននៃបណ្តាប្រទេសទូទាំងសកលលោក។
ពិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧:០០ព្រឹក ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការជួបជុំរវាងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គទូត ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ តំណាងកសិករ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រមាណជា៦០០នាក់។ កម្មវិធីនឹងប្រព្រឹត្តទៅនៅវត្តប៉ប្រក ភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។