នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប។ ពិធីនេះមានការអញ្ជើញចូលរួមពី តំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ប៉ែន ប៊ុនធឿន អនុ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានក្រុមប្រឹក្សាស្រុកវ៉ារិន លោក និនធី វិធូរ អភិបាលស្រុកវ៉ារិន ព្រមទាំងអាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករ សរុបចំនួន ៥២នាក់។
មហាសន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការចូលរួម និងការគ្រប់គ្រងរបស់សមាជិកសហគមន៍កសិកម្ម តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍ ព្រមទាំងអនុម័តលើឈ្មោះ អាសយដ្ឋាន ប្រាក់សមាជិកភាព មុខរបរសហគមន៍ ទីតាំងបណ្តោះអាសន្ន និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្មទំនើប ដើម្បីធានាឱ្យការប្រតិបត្តិការរបស់សហគមន៍មានភាពច្បាស់លាស់ ប្រសិទ្ធភាព និងមានចីរភាព។
នាឱកាសនោះ ឯកឧត្តម ឃុន សាវឿន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតសហគមន៍កសិកម្មទំនើប ក្នុងការប្រមូលផ្តុំកម្លាំងរបស់ប្រជាកសិករ លើកកម្ពស់ផលិតភាព និងបង្កើនប្រសិទ្ធភាពក្នុងការផលិត កែច្នៃ និងទីផ្សារកសិផល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់សមាជិកសហគមន៍ ឱ្យខិតខំប្រឹងប្រែងក្នុងការដាំដុះ អនុវត្តបច្ចេកទេសកសិកម្មសមស្រប និងប្រើប្រាស់សម្ភារ ព្រមទាំងជំនួយដែលទទួលបានពីគម្រោង EMPOWER។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការចូលរួមយ៉ាងសកម្មរបស់ប្រជាកសិករក្នុងសហគមន៍កសិកម្មទំនើប នឹងរួមចំណែកដល់ការអភិវឌ្ឍមុខរបរកសិកម្ម បង្កើនផលិតភាព និងប្រាក់ចំណូលរបស់គ្រួសារ ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កសិករ និងរួមចំណែកធានាសន្តិសុខស្បៀងនៅមូលដ្ឋាន។ ការបង្កើតសហគមន៍កសិកម្មទំនើប ត្រូវបានចាត់ទុកជាយន្តការសំខាន់មួយ សម្រាប់ជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយប្រសិទ្ធភាព៕