នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ នៃប្រទេសប្រេស៊ីល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ ឯកឧត្តម Roberto Serroni Perosa អំពីគោលនយោបាយកម្ពុជា ដែលមានគោលដៅធានានូវសន្តិសុខស្បៀង ធ្វើឱ្យមាននិរន្តរភាពទាំងសេដ្ឋកិច្ចនិងបរិស្ថាន ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។
ខណៈពេលដែលប្រទេសប្រេស៊ីលកំពុងឈានទៅបើកដំណើរការស្ថានទូតរបស់ខ្លួននៅកម្ពុជាជាផ្លូវការ នៅចុងឆ្នាំ២០២៤នេះ ភាគីទាំងពីរ គឺកម្ពុជា និងប្រេស៊ីល បានឯកភាពជាគោលការណ៍ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យកាន់តែជិតស្និទ្ធជាងមុន ជាពិសេសជំរុញពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរឱ្យមានទំហំធំជាងមុន៕