ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បន្ទាយមានជ័យ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះទៅពិនិត្យស្ថានភាពប្រជាកសិករដែលកំពុងតែស្ដារដំណាំស្រូវឡើងវិញ នៅឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងនិងមន្ទីរកសិកម្មជាច្រើនរូប។ អមដំណើរនាឱកាសនោះក៏មានផងដែរ វត្តមានឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ នៅក្នុងភូមិសាស្ត្រឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ខណៈដែលបងប្អូនប្រជាកសិករកំពុងប្រញាប់ប្រញាល់ស្ដារស្រូវឡើងវិញឱ្យទាន់ពេល ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានជូនការណែនាំលក្ខណៈបច្ចេកទេសដល់បងប្អូនកសិករ អំពីភាពខុសគ្នានៃពូជស្រូវនិងរបៀបដាំដុះសម្រាប់ពូជស្រូវខុសគ្នា ការដាក់ជី ជាពិសេសគឺការប្រើប្រាស់ថ្នាំកម្ចាត់សត្វ។ បើតាមឯកឧត្តម ងិន ឆាយ ពុំមែនសត្វល្អិតទាំងអស់សុទ្ធតែចង្រៃនោះទេ។ ក៏មានផងដែរ ប្រភេទសត្វល្អិតមួយចំនួនដែលមានប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងស្រែ។ ការប្រើប្រាស់ថ្នាំកម្ចាត់សត្វច្រើនជ្រុលពេក បើតាមឯកឧត្តម ងិន ឆាយ នឹងធ្វើឱ្យស្លាប់ទាំងអស់ ទាំងសត្វចង្រៃ និងសត្វមានប្រយោជន៍។ លោកជំរញឱ្យប្រជាកសិករពិចារណាឡើងវិញចំពោះបញ្ហានេះ ដើម្បីកាត់បន្ថយការចំណាយដែលពុំចាំបាច់នានា ហើយធានាឱ្យបានមកវិញនូវទិន្នផលស្រូវប្រកបដោយគុណភាព ព្រមទាំងផលចំណេញខ្ពស់៕