នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចមុខបាទាល់ (លំហរទន្លេសាប) ក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។
នាដំណើរបេសកកម្មនោះ មានការអមដំណើរដោយ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំមន្ត្រីខណ្ឌ មន្រ្តីផ្នែក មន្រ្តីសង្កាត់ ក្រុមការងារចំរុះទ្រង់ទ្រាយធំ និងមានការចូលរួមពី ឧត្តមសេនីយ៍ត្រី វ៉ាចាន់ កុសល មេបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ លោក ប៉ី វិចិត្រ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងមន្រ្តីបរិស្ថាន សរុបចំនួន៣២នាក់ ដោយប្រើប្រាស់កាណូត៨គ្រឿង។
ក្នុងប្រតិបត្តិការនេះ ជាលទ្ធផលក្រុមការងារសម្រេចបានរួមមាន ៖ បានរុះរើបំផ្លាញចោលរបាំងសាច់អួនលើសប្រវែងនៅនឹងកន្លែងចំនួន ៤របាំងប្រវែង ២ ៤៥០ម៉ែត្រ លប/លូចំនួន១៦មាត់ ទ្បុកចំនួន១៦គ្រឿង បង្គោលចំនួន ១ ២០០ដើម និងបានចាក់លែងត្រី២០គីឡូក្រាមចូលបឹងទន្លេសាបវិញ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន ផល្លីកា បានណែនាំឱ្យប្រជានេសាទអនុវត្តនឱ្យបានត្រឹមត្រូវតាមច្បាប់ជលផលបានកំណត់ សូមចូលរួមទាំងអស់គ្នាក្នុងកិច្ចការការពារ និងអភិរក្សធនធានជលផល។ ជាចុងបញ្ចប់ ឯកឧត្តមបានកោតសរសើរ ថ្លែងអំណរគុណ និងសំណូមពរដល់ក្រុមការងារចម្រុះ បន្តខិតខំណែនាំ និងផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យប្រជានេសាទគោរពគោលការណ៍នេះឱ្យបានគ្រប់ៗគ្នាចៀសវាងមានការរុះរើដោយកម្លាំងចម្រុះ ដែលនាំឱ្យមានការខាតបង់ថវិការបស់ពួកគាត់៕