ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់កសិករថា ដោយរដូវរស្សាឆ្នាំនេះ ហាក់ដូចជាយឹត ដូច្នេះកសិករ គួរតែប្រើប្រាស់ពូជស្រូវស្រាល មិនប្រកាន់រដូវ គឺសមស្របជាង។ ឯកឧត្តមក៏ឱ្យប្រយ័ត្នផងដែរចំពោះសត្វមមាចត្នោត។
ខណៈដែលចុះជួយច្រូតស្រូវដើម ជាមួយកសិករ 100គ្រួសារ នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន កាលពីចុងសប្តាហ៏កន្លងទៅនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់ដល់កសិករនៅទីកន្លែងនោះ ក៏ដូចជាកសិករនៅទីកន្លែងដ៏ទៃទៀតថា រដូវវស្សាឆ្នាំនេះដូចជាយឺតបន្តិច ហេតុនេះសូមកសិករប្ដូរពូជ មកប្រើពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលការធ្វើបែបនេះកសិករអាចចៀសបានច្រើនពីគ្រោះធម្មជាតិ ។
ឯកឧត្តមក៏បានស្នើប្រធានភូមិស្រង់ស្ថិតិ បើប្រជាកសិករចង់ធ្វើពូជស្រូវស្រាល ពូវស្រូវសែនពិដោរ លោកនឹងផ្ដល់ជូន។ ឯកឧត្តមបានរំលឹកទៀតថា សូមឱ្យប្រជាកសិករប្ដូរពូជស្រូវចេញ ដោយប្រើប្រាស់ពូជសុទ្ធ ជាពូជស្រូវស្រាលមិនប្រកាន់រដូវ ។
ជាមួយគ្នានេះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ត្រូវចុះមកត្រួតពិនិត្យស្ថានភាពដឺ និងជួយបណ្តុះបណ្តាលប្រជាកសិករ ដែលស្ម័គ្រចិត្តនិងធ្វើបង្ហាញជូនដល់កសិករ ។ ឯកឧត្តមក៏បានជូនដំណឺងដល់ប្រជាកសិករត្រូវប្រុងប្រយ័ត្នពីវត្តមានរបស់សត្វមមាចត្នោត ដែលនឹងមាននៅខែកក្កដានេះ ។
កម្លាំងសហគមន៍ជាកម្លាំងសរុបដ៏សំខាន់ ត្រូវចេះរូបរួមគ្នាកម្ចាត់សត្វមមាចត្នោត ប្រសិនបើជួបបញ្ហាផ្សេងៗនៅក្នុងស្រែ ត្រូវរកមន្ត្រីជំនាញកសិកម្មភ្លាម ។ ឯកឧត្តមបានលើកទឹកចិត្តទៀតថា កសិករត្រូវតែប្តូរទស្សនៈ ប្ដូរទម្លាប់ពីការពឹងផ្អែកដំណាំស្រូវតែមួយមុខមកបង្កើនមុខរបរផ្សេងទៀត ដែលអាចធ្វើបាននៅជិតផ្ទះ ដូចជា ដាំបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងមានជំនឿចិត្តលើខ្លួនឯង ។