នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋកាលីហ្វ័រញ៉ា ដឹកនាំដោយលោក Kim Chha Hout ប្រធានសភាពាណិជ្ជកម្មកម្ពុជា-រដ្ឋកាលីហ្វ័រញ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម ស្តីពីការជំរុញកសិ-ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនអាមេរិក នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានទទួលស្វាគមន៍វិនិយោគិនអាមេរិកក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម សំដៅបំពេញឱ្យគ្នាទៅវិញទៅមក និងទទួលផលចំណេញទាំងអស់គ្នា ហេីយលេីកទឹកចិត្តឱ្យវិនិយោគិនទាំងអស់ដែលមានបំណងចង់វិនិយោគលេីវិស័យផលិតកម្មសត្វ ការកែច្នៃ វេចខ្ចប់ បន្តពិនិត្យលទ្ធភាពដេីម្បីឱ្យការវិនិយោគទទួលបានជោគជ័យ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់ធុរជនអាមេរិក ពង្រឹងនិងពង្រីកការវិនិយោគនិងការធ្វេីកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហេីយក្រសួងកសិកម្មនឹងរួមចំណែកសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះ៕