នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខា ធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋាន កសិ- ឧស្សាហកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាសក្ខីភាព ក្នុងពិធី ចុះហត្ថលេខា លើកិច្ច សន្យា ស្តីពី «ការផលិត និងផ្គត់ផ្គង់ ម្រេចស្ងួត» រវាងសហគមន៍កសិកម្ម ទំនើបម្រេចមេម៉ត់ត្បូងឃ្មុំ ជាមួយ នឹង ក្រុមហ៊ុន ហ៊្វុកស៍ (ខេមបូឌា) ឯ.ក នៅក្នុង ខេត្តត្បូងឃ្មុំ។
នៅចំពោះមុខអង្គពិធីចុះហត្ថលេខានោះ ឯកឧត្តម ឃឹម ហ្វីណង់ បាន គូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាសម្រាប់សហគមន៍ ដើម្បីការពារសមាជិកទាំងអស់ពីការ ប្រែប្រួលថ្លៃ ព្រមទាំងបានណែនាំ ឱ្យនាយកដ្ឋានកសិឧស្សាហកម្ម បន្តសម្របសម្រួលកិច្ច សន្យា លក់-ទិញ ម្រេច បន្ថែមទៀត។
កិច្ចសន្យានេះមានទំហំគិតជាទឹកប្រាក់ចំនួនប្រមាណ ៧០ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់ម្រេចស្ងួត ១០០តោន ក្នុងតម្លៃថេរ ៧ដុល្លារ/គីឡូក្រាម សម្រាប់ម្រេចស្តង់ដាសុវត្ថិភាព ដែលជាតម្លៃល្អលើសពីតម្លៃមធ្យមនៅលើទីផ្សារប្រមាណ១០%៕