នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមក្នុងពិធីបើកវេទិកានវានុវត្តន៍សម្រាប់យុវជន និងវេទិកាចែករំលែកចំណេះដឹងសម្រាប់សហគមន៍កសិកម្ម នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)។
នាឱកាសដ៏វិសេសវិសាល ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកានវានុវត្តន៍សម្រាប់យុវជន រៀបចំឡើងដើម្បីតភ្ជាប់យុវជន សហគ្រិនវ័យក្មេង អ្នកនវានុវត្តន៍ អ្នកស្រាវជ្រាវ និងនិស្សិត ជាមួយធុរជន វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ វេទិកានេះ គឺសម្រាប់បង្ហាញគំនិតថ្មីៗ និងជាកន្លែងដែលគំនិតថ្មីៗទាំងនេះអាចត្រូវ បានភ្ជាប់ទៅនឹងការណែនាំពីអ្នកជំនាញ ភ្ជាប់ទៅហិរញ្ញប្បទាន ទីផ្សារ ដៃគូអាជីវកម្ម និងឱកាសសម្រាប់ ការពង្រីកអាជីវកម្ម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តក្មួយៗយុវជនឱ្យចាប់យកឱកាសនេះ ដើម្បីរៀនសូត្រ ផ្លាស់ប្តូរពិសោធន៍ និងបង្កើតបណ្តាញទំនាក់ទំនងឱ្យបានទូលំទូលាយ ហើយកុំមើលវិស័យកសិកម្មត្រឹមតែជាមុខរបរបែបប្រពៃណី ប៉ុន្តែត្រូវមើលឃើញវាជាឱកាសសម្រាប់ការបង្កើតធុរកិច្ចថ្មី នវានុវត្តន៍ ការបង្កើតតម្លៃបន្ថែម និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ឧស្សាហកម្ម៕