នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិវឌ្ឍដំណាំសាវប្បកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពីយន្តការគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មទំនើប ដែលប្រព្រឹត្ដទៅនៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការរៀបចំដោយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ រក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន និងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ-សង្កាត់ រួមទាំងបង្កើតសហគមន៍កសិកម្មទំនើបជាដើម។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកកម្មវិធី ASPIRE-AT ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការទទួលបន្ទុកការងារសហគមន៍កសិកម្មទំនើប ឯកឧត្តមអនុរដ្ឋលេខាធិការ មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅកម្មវិធី ASPIRE AT ទាំង២១ និងតំណាងផ្នែកពាក់ព័ន្ធសរុបចំនួន ៩០រូប៕