នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសហការី ជាអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអង្គភាពជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួង បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអង្ករកម្មវិធីជំនួយរបស់លេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ (ASEAN Plus Three Emergency Rice Reserve-APTERR) ជូនដល់កសិករក្រីក្រចំនួន ៦០០គ្រួសារ ដែលទទួលផលប៉ះពាល់ដោយគ្រោះធម្មជាតិ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីនេះប្រារព្ធធ្វើនៅវត្តតំបែរ ភូមិតំបែរ ឃ្មុំតំបែរ ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ ដោយមានការចូលរួមផងដែរពីសំណាក់មន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាកសិករ យ៉ាងច្រើនកុះករ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់ជូនថវិកាដល់ប្រជាពលរដ្ឋចូលរួមក្នុងពិធី ដោយម្នាក់ៗ ទទួលបាន ១០០០០ រៀល សរុបប្រមាណ ៨លានរៀល។