នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី «ការកសាងផ្ទះកាន់តែប្រសើរ» នៃកិច្ចសន្ទនាយុវជនអាស៊ាន-ចិន ក្រោមប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញកសិកម្មទំនើប» ដែលរៀបចំឡើងនៅអគារ Morgan Tower រាជធានីភ្នំពេញ។
កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានបរិវត្តកម្មឌីជីថល បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា (CASA) ថ្នាក់ដឹកនាំ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម យុវជនកម្ពុជា-ចិន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ព្រមទាំងតំណាងយុវជនចិន និងសហគ្រាសចិននៅកម្ពុជាផងដែរ។
កិច្ចសន្ទនានេះមានគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងគំនិតច្នៃប្រឌិតរបស់យុវជននៃប្រទេសទាំងពីរ ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ក្នុងវិស័យកសិកម្ម ដើម្បីជំរុញការធ្វើទំនើបកម្មកសិកម្ម និងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម។
ជាចុងបញ្ចប់ គណៈអធិបតីបានស្នើឱ្យពិចារណាលើការបង្កើតយន្តការសហប្រតិបត្តិការកម្ពុជា-ចិន តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីកសិកម្មឆ្លាតវៃ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងដ្រូនកសិកម្ម ការអនុវត្តគម្រោងសាកល្បងបច្ចេកវិទ្យាកសិកម្ម (AgriTech) នៅកម្ពុជា ព្រមទាំងការបង្កើតបណ្តាញយុវជននវានុវត្តន៍កម្ពុជា-ចិន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍកសិកម្ម ការលើកកម្ពស់ជីវភាពកសិករ និងកំណើនសេដ្ឋកិច្ចជាតិ៕