នាថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក ហេង សាមឌី អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមបើកកម្មវិធីពិព័រណ៍បច្ចេកទេសជាន់ខ្ពស់កសិកម្ម យ៉ាងលីង លើកទី៣៣ «33rd China Yangling Agricultural Hi-Tech Fair» និងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ(SCO) លើវិស័យកសិកម្ម នៅខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានលើកពីភាពបញ្ច្រាស់គ្នានៃទឹក(Water Paradox) នៅកម្ពុជា ដែលជាប្រទេសស្ថិតនៅតំបន់ត្រូពិច ដែលសម្បូរទឹកនៅរដូវវស្សា និងខ្វះខាតទឹកនៅរដូវប្រាំង ដែលតម្រូវឱ្យកម្ពុជាដាក់ចេញនិងអនុវត្តនូវគោលនយោបាយគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព ជាពិសេសការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធស្រោចស្រព អភិបាលកិច្ចល្អក្នុងប្រព័ន្ធស្រោចស្រព និងការអនុវត្តបច្ចេកទេសវៃឆ្លាតក្នុងការប្រើប្រាស់ទឹក ដោយកម្ពុជា យល់ច្បាស់អំពីបញ្ហាប្រឈមក្នុងការគ្រប់គ្រងទឹក នៅតំបន់ស្ងួត (Arid Region) នៃតំបន់ប្រទេសSCO ដែលតំបន់ទាំងពីរ អាចបំពេញឱ្យគ្នា ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកក្នុងរិស័យកសិកម្ម។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែមអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន លើវិស័យកសិកម្ម ក្រោមគំនិតផ្ដួចផ្ដើមនៃថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលបានបង្កើតឡើងនូវក្របខ័ណ្ឌ «ច្រករបៀងមច្ឆានិងអង្ករ» ដែលមានសារៈសំខាន់ទូលំទូលាយ និងដោយឡែកលើការជំរុញកិច្ចសហប្រតិបត្តិការកសិកម្មបែបវៃឆ្លាត និងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាពក្នុងវិស័យកសិកម្ម។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានស្នើឡើងនូវសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការចំនួន៣ ដើម្បីជំរុញការប្រើប្រាស់ទឹកកសិកម្មឲ្យកាន់តែមានប្រសិទ្ធភាពរួមមាន៖ (១)ការចែករំលែក ផ្ទេរបច្ចេកវិទ្យាប្រើប្រាស់ និងគ្រប់គ្រងទឹក (២)ការកសាងសមត្ថភាព និងកិច្ចសហការស្រាវជ្រាវរួមគ្នា និង (៣)ការធ្វើអភិបាលកិច្ចប្រើប្រាស់ទឹកឱ្យបានប្រសើរ និងដោយមានការចូលរួមពីវិស័យឯកជន៕