ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្មនិងជនបទ បានប្រជុំពិភាក្សាស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកសិកម្មបាន និងកំពុងអនុវត្ត គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយដល់កសិករដោះស្រាយបញ្ហាប្រឈមផ្សេងៗ ការកាត់បន្ថយថ្លៃដើមផលិត និងធ្វើឱ្យប្រសើរឡើងក្នុងខ្សែច្រវាក់តម្លៃ។
ចំពោះការងារទាក់ទងនឹងអាហារូបត្ថម្ភ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងកសិកម្មរីករាយ ក្នុងការសហការជានិច្ច តាមភាពចាំបាច់ និងសេចក្ដីត្រូវការពីក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា៕