នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត ក្រុមការងារខណ្ឌរដ្ឋបាលជលផល សហការជាមួយរដ្ឋបាលស្រុក និងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះបង្ក្រាបទីតាំងផលិត និងលក់ឧបករណ៍ឆក់ត្រី នៅភូមិសង្កែបង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
នៅក្នុងយុទ្ធនាការចុះបង្ក្រាបនេះ សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ បានដកហូតវត្ថុតាងនៅទីតាំងជាក់ស្ដែង រួមមាន ឧបករណ៍អាំងវែទ័រឆក់ត្រីចំនួន ១១គ្រឿង និងឧបករណ៍គ្រឿងបង្គំចំនួន ១៦គ្រឿង ព្រមទាំងបានឃាត់ខ្លួនអ្នកផលិតឧបករណ៍ឆក់ទាំងនេះចំនួន២រូប ក្នុងនោះ ម្នាក់ឈ្មោះ នាង សារ៉ាក់ ភេទប្រុស អាយុ៤០ឆ្នាំ និងម្នាក់ទៀតឈ្មោះ យែម ភា ភេទប្រុស អាយុ៤៤ឆ្នាំ។
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់អ្នកផលិត ឬអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រី ឱ្យបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ និងត្រូវប្រគល់ឧបករណ៍ឆក់ដោយស្ម័គ្រចិត្ត ដល់មន្រ្តីរដ្ឋបាលជលផល ឬអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ដើម្បីជៀសវាងការទទួលទោសតាមច្បាប់ស្តីពីជលផល៕