នាថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អមដំណើរដោយ ឯកឧត្តម សួន សុវណ្ណ ប្រធានរដ្ឋបាលព្រៃឈើ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក បានដឹកនាំក្រុមការងារនាំយកនូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក និងលោកអភិបាលស្រុកស្វាយចេកផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពដ៏អង់អាចក្លាហានកម្ពុជាក្នុងការការពារដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា ដោយមិនឱ្យបរទេសណាឈ្លានពានឡើយ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំបន្ថែមដល់ក្រុមការងារចុះមូលដ្ឋានតាមមណ្ឌលនីមួយៗ សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់គាំពារ និងជួយសម្រាលការលំបាកផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងនោះមិនឱ្យមានការខ្វះខាតស្បៀងឡើយ។
សូមជម្រាបជូនថា ប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅទីកន្លែងសុវត្ថិភាព ស្ថិតនៅមណ្ឌលទាំង៦ ក្នុងស្រុកស្វាយចេក សរុបមានចំនួន៣ ៤៩២គ្រួសារ ដោយឡែកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ បានជួយឧបត្ថម្ភគាំទ្រក្នុងនោះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអុីវ ទឹកបរិសុទ្ធ មុង និងធុងទឹកចំណុះ១០០០លីត្រ សម្រាប់គ្រប់មណ្ឌល៕