នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មការសួនកសិ-ឧស្សាហកម្មនៅកម្ពុជា និងលោក ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម បានចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសួនកសិ-ឧស្សាហកម្មនៅកម្ពុជា នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យពិភាក្សាលើការផ្តល់ធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធលើឯកសារមេ និងផែនការការងារសម្រាប់អនុវត្តគម្រោងបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជា។
សួនកសិ-ឧស្សាហកម្មនេះនឹងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស មកធ្វើការកែច្នៃកសិផលគន្លឹះរបស់កម្ពុជា ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងជំរុញការនាំចេញ៕