នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចពិភាក្សា កំណត់គោលការណ៍ លក្ខខណ្ឌ ផែនការសម្រាប់ត្រៀមបង្កើតសហគមន៍កសិកម្មទំនើបមៀនប៉ៃលិន។ កម្មវិធីរៀបចំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តប៉ៃលិន មន្ត្រីកសិកម្មឃុំ កសិករមៀនប៉ៃលិន ចូលរួមសរុបចំនួន៤២នាក់ ស្រ្តី០៨ នាក់។
ឯកឧត្តម គី ច័ន្ទរំដួល បានគូសបញ្ជាក់ថា គោលបំណងនៃកិច្ចពិភាក្សា ដើម្បីប្រមូលបញ្ហាប្រឈមរបស់កសិករដាំដុះមៀនប៉ៃលិន រៀបចំផែនការផលិត ផែនការលក់ផ្លែមៀនស្រស់ និងការកែច្នៃផ្លែមៀនជាដំណាប់ មៀនកំប៉ុង មៀនចំណិតសម្រាប់ធ្វើជាភេសជ្ជៈ ធ្វើយ៉ាងណាឱ្យផ្លែមៀនដែលបានផលិតមកត្រូវបានប្រើប្រាស់អស់ ដោយគ្មានការបោះចោលដែលនាំឱ្យកសិករខាតបង់នោះទេ។
ជាលទ្ធផលនៃកិច្ចពិភាក្សា បានឯកភាពគ្នានូវចំណុចមួយចំនួនរួមមាន៖ ការពិនិត្យ កែសម្រួលកិច្ចសន្យា ទិញលក់ដែលកសិករបានធ្វើកន្លងមក ដោយកិច្ចសន្យាត្រូវមានភាគីពាក់ព័ន្ធចូលរួម (កសិករ អ្នកទិញ អ្នកបេះ និងមន្ទីរជំនាញ) ជាមួយគ្នានោះនៅក្នុងកិច្ចពិភាក្សានេះដែរ កសិករដាំដុះមៀនប៉ៃលិនទាំងអស់ មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមបង្កើតសហគមន៍កសិកម្មទំនើបមៀនប៉ៃលិនផងដែរ នាថ្ងៃខាងមុខ៕