នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ នៅក្នុងខេត្តកំពង់ធំ។
ការជួបសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសហគមន៍នៅក្នុងការរៀបចំផែនការអាជីវកម្ម ការវិភាគពីផែនការចំណូល ចំណាយនិងប្រាក់ចំណេញ និងការពិនិត្យផ្ទៀងផ្ទាត់លក្ខណៈបច្ចេកទេសនៃផែនការផលិតកម្មស្វាយចន្ទីរបស់សហគមន៍។
ឯកឧត្តម តូច ប៊ុនហួរ បានណែនាំសហគមន៍ឱ្យវិភាគសេដ្ឋកិច្ចលើដំណាំស្វាយចន្ទី ដោយយកតំបន់ទំរីងនេះ មកធ្វើជាមូលដ្ឋានក្នុងការវិភាគតែម្តង។ ក្នុងឱកាសនោះដែរ ឯកឧត្តម តូច ប៊ុនហួរ បានប្រគល់វិញ្ញាបនបត្រ និងត្រា បញ្ជាក់ពីការបង្កើតសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំថែមទៀតផង។
សូមបញ្ជាក់ថា ជំនួបសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ វិសាល និងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ធីវ វណ្ណធីរ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម តំណាងនាយកដ្ឋានសហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ សហការី និងសមាជិកសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ សរុបចំនួន៤៧រូប៕