ស្រះសហគមន៏ទឹក ទំហំ៥០ម៉ែត្រ គុណនឹង៣០ម៉ែត្រ ជម្រៅ២ម៉ែត្រ ស្ថិតនៅភូមិក្របី ឃុំសំរោង ស្រុកត្រាំកក់ បានសម្ភោធ កាលពីពេលថ្មីៗនេះជាមួយ នឹងការចាក់វាក់សាំង ការពារជំងឺគោចំនួន ២០០ក្បាលផងដែរ ។ ឯកឧត្ដមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីនេះដែរ ។
ចំពោះមុខប្រជាជន ជិត៣០០គ្រួសារ ដែលមកចូលរួម អបអរសាទរសមិទ្ធិនេះ ឯកឧត្ដមរដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរ ចំពោះប្រជាជន និងអជ្ញាធរឃុំ ព្រមទាំងមន្ដ្រី ក្រុមការងារដោយបានសម្រេច កសាងស្រះទឹកនេះឡើង ក្រោមមូលនិធិរបស់ឃុំ។ ឯកឧត្ដមបញ្ជាក់ថា នេះជាការសម្រេច ដ៏ត្រឹមត្រូវមួយ និងសមស្រប ចំពោះស្ថានភាពជាក់ស្ដែងចំពោះមុខ។ ស្រះទឹកនេះ នឹងបានជាប្រយោជន៏ សម្រាប់ការរស់នៅ និងការធ្វើកសិកម្ម នៅក្នុងមូលដ្ឋាន ដែលរួមចំណែក ដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានកត់សម្គាល់ផងដែរថា ឃុំសំរោង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍន៏យ៉ាងច្រើន ដែលមុននេះ ជីវភាពប្រជាជន ក្នុងឃុំមានការលំបាក។ ប្រជាជនពេលនេះ ចេះចិញ្ចឹមសត្វ ដាំបន្លែ និងមានមុខរបរបន្ថែមទៀត។ ឯកឧត្ដមបានរំលឹក ឱ្យប្រជាជនបន្ដដោះស្រាយបញ្ហាបន្ថែមទៀត តាមរយៈការស្ដារស្រះប្រឡាយ ដែលមានស្រាប់ ការសម្លឹងទៅរកកន្លែង ដែលមានប្រភពទឹក ដើម្បីនាំយកទឹកមកប្រើប្រាស់ក្នុងការរស់នៅ និងការដាំដុះផ្សេងៗ ។
ឯកឧត្ដមបានពន្យល់ផងដែរ ពីការប្រើប្រាស់ពូជស្រូវ បច្ចេកទេសដាំដុះ របៀបថែទាំរបៀបទុកដាក់ ជូនពិសេសការប្រើប្រាស់ពូជស្រូវទាំង១០ ដែលរាជរដ្ឋាភិបាលបានសម្រេច ហើយក្រសួងកំពុងតែផ្សព្វផ្សាយ។ ឯកឧត្ដមក៏បានពន្យល់ផងដែរ ទាក់ទងទៅនឹងការផ្លាស់ប្ដូរឥរិយាបថ ក្នុងការចិញ្ចឹមសត្វពោល ដោយត្រូវបញ្ឈប់ការចិញ្ចឹម ដោយលែងពាសវាលពាសកាល មកការចិញ្ចឹមដោយដាក់ទ្រុងដាក់ក្រោលនិងឱ្យចំណីគ្រប់គ្រាន់ ៕